(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំង និងមន្ត្រីក្រោម ឱវាទជិះទូកម៉ាស៊ីនជាច្រើនគ្រឿង ត្រួតពិនិត្យនៅតាមតំបន់ដែលរងការលិចលង់ខ្លាំងដោយទឹកជំនន់ ក្នុងក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ប្រតិបត្តិការនេះធ្វើឡើង ក្រោយពីទឹកជំនន់ហក់កើនឡើងខ្លាំងជាបន្តបន្ទាប់ ដោយសារទឹកភ្លៀង និងមួយភាគជាជំនន់ដែលហូរធ្លាក់មកពីប្រទេសថៃ។ ទឹកបានលិចលំនៅដ្ឋានប្រជាពលរដ្ឋរាប់ពាន់ខ្នងដូចជា នៅក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ ក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាឱ្យកម្លាំងគ្រប់គោលដៅត្រូវត្រៀមសម្ភារ ទូក រថយន្ត ខ្សែ អាវពោង និងឧបករណ៍ផ្សេងៗទៀតចាំជួយសង្គ្រោះ និងជម្លៀសពលរដ្ឋ ដែលរងគ្រោះដោយការលិចលង់ បញ្ជូនមកទីទួលមានសុវត្ថិភាពផងដែរ៕