(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានឧបត្ថម្ភ ម៉ាស និងអាល់កុលជាច្រើន ដល់កងកម្លាំងទាំង៣ ប្រភេទក្នុងខេត្ត ដើម្បីត្រៀមទុកប្រើប្រាស់ការពារការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
នាឱកាសនោះលោក អ៊ុន ចាន់ដា បានផ្ដាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធទាំង៣ ពេលបំពេញភារកិច្ច ត្រូវបង្កើនការប្រុងប្រយ័ត្នការពារខ្លួនបន្ថែមទៀត ដោយបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ រួមទាំងអ្នកដែលបានចាក់ វ៉ាក់សាំងហើយក្តី និងត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ ដើម្បីជៀសឱ្យផុត ពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ជាពិសេសក្នុងស្ថានភាពដែលវីរុសបម្លែងថ្មី ដែលតា កំពុងវាយលុកយ៉ាងសកម្ម បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង នៅក្នុគ្រួសារ និងសហគមន៍។
សូមបញ្ជាក់ថា សម្ភារប្រគល់ជូនកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទនេះរួមមាន៖ អង្គភាពនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ទទួលបានម៉ាសចំនួន ២០,០០០ម៉ាស និងអាល់កុល ៥កាន, អង្គភាពសឹករងខេត្តទទួលបានម៉ាសចំនួន ២០,០០០ ម៉ាស និងអាល់កុល ៥កាន, ចំណែកអង្គភាព កងរាជអាវុធហត្ថ ខេត្តកំពង់ចាមទទួលបានម៉ាសចំនួន ១០,០០០ម៉ាស និងអាល់កុល ៣កានផងដែរ៕