(ភ្នំពេញ)៖ មេដឹកនាំសហជីព បានសម្ដែងការសប្បាយរីករាយ និងសាទរ ចំពោះបងប្អូនកម្មករ-និយោជិត ដែលទទួលបាននូវការដំឡើងប្រាក់ខែចំនួន ២ដុល្លារបន្ថែមទៀត សម្រាប់ឆ្នាំ២០២២ខាងមុខ។ ការសម្ដែងការសាទរ និងសប្បាយរីករាយនេះ បន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មាន អំពីដំឡើងប្រាក់ឈ្នួលជូនដល់កម្មករ-និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើងរចំនួន ២ដុល្លារបន្ថែមទៀត សម្រាប់ឆ្នាំ២០២២ ដែលត្រូវបានកំណត់ជាផ្លូវការចំនួន ១៩៤ដុល្លារអាមេរិក ក្នុងមួយខែ។
លោក ឡុង សុផាត ប្រធានសហភាពសហជីពយុវជន ការពារសិទ្ធិកម្មករកម្ពុជា (YPCWRC) និងជាប្រធានសហពន្ធ័សហជីពសម្លេងយុវជនខ្មែរ បានបញ្ជាក់នៅរសៀលថ្ងៃទី២៨ ខែកញ្ញានេះថា ក្នុងនាមជាមេដឹកនាំសហជីពមួយរូប លោកមានការសប្បាយរីករាយ និងសាទរនូវការដំឡើងប្រាក់ខែ ជូនកម្មករ-នយោជិត ក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរ និងការបូប សម្រាប់ឆ្នាំ២០២២ ដែលត្រូវបានកំណត់ជាផ្លូវការចំនួន ១៩៤ដុល្លារអាមេរិក ក្នុងមួយខែ ទោះបីជាស្ថិតក្នុងបរិបទ នៃការរីករាលដាលជំងឺកូវីដ-១៩ ទាំងនៅលើពិភពលោ ក៏ដូចជាប្រទេសកម្ពុជាផងដែរ។
លោក ឡុង សុផាត បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់លទ្ធភាពបន្ថែមប្រាក់ឈ្នួល ដល់កម្មករ-នយោជិតចំនួន ២ដុល្លារ ដែលនាំឲ្យឡើងពី ១៩២ដុល្លារនៅឆ្នាំ២០២១ ដល់ ១៩៤ដុល្លារ ក្នុងមួយខែ សម្រាប់ឆ្នាំ ២០២២ ខាងមុខ។
លោកបន្តថា «ទោះបីជាមានការដំឡើងតិចតួច តែបើយើងប្រៀបធៀបបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន មិនមានគោលការណ៍ នៅក្នុងការចរចាដំឡើងប្រាក់ខែជូនកម្មករ-នយោជិត របស់ពួកគេនោះទេ»។
មេដឹកនាំសហជីពរូបនេះ បានលើឡើងទៀតថា «អញ្ចឹងក្នុងនោះ យើងមើលឃើញថា ការលំបាកនានា ដែលរាជរដ្ឋាភិបាល ក៏ដូចជាផ្នែកឯកជន កំពុងជួបប្រទះនៅក្នុងការទទួលរង នូវការប៉ះពាល់ពីការរាលដាលកូវីដ-១៩នេះ ហើយនៅឆ្លៀត អាចជួយគិតគូនៅក្នុងការបន្ថែមប្រាក់ ជូនកម្មករ-និយោជិតបានទៀត ក្នុងនាមយើងជាអង្គការវិជ្ជាជីវៈ ក៏សូមសម្ដែងនូវការអបអរសាទរ ចំពោះបងប្អូនកម្មករ-និយោជិត របស់យើងទាំងអស់គ្នាផងដែរ បើទោះបីថា វាមិនច្រើន ក៏ប៉ុន្តែសម្រាប់ ២ដុល្លារនេះ ក៏យើងមើលឃើញថា ជាការគិតគូយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលរបស់យើង ទៅដល់សុខទុក្ខ ក៏ដូចជាជីវភាពរស់នៅ របស់បងប្អូនកម្មករ-និយោជិត របស់យើង»។
ជាមួយគ្នានេះលោក ឡុង សុផាត បានគោរពថ្លែងអំណរគុណ ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែគិតគូសុខទុក្ខ របស់បងប្អូនកម្មករ-និយោជិត ហើយលោកបានលើកឡើងនូវពាក្យស្លោកមួយថា «សុខទុក្ខរបស់កម្មករ-និយោជិត គឺជាសុខទុក្ខរបស់សម្ដេច ដែលជាសុខទុក្ខតែមួយ»។
សូមជម្រាបថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានអំពីដំឡើងប្រាក់ឈ្នួលជូនដល់កម្មករ-និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើងរចំនួន ២ដុល្លារបន្ថែមទៀត សម្រាប់ឆ្នាំ២០២២។
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការងារ បានឲ្យដឹងទៀតថា យោងរបាយការណ៍របស់លោករដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថិតនៅក្នុងបរិការណ៍ នៃការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ច និងសង្គម ជាពិសេសទៅលើបញ្ហាសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបន្ថែមទឹកប្រាក់ចំនួន ២ (ពីរ) ដុល្លារអាមេរិក លើទឹកប្រាក់ចំនួន ១៩២ (មួយរយកៅសិបពីរ) ដុល្លារអាមេរិក។
ដូច្នេះចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២តទៅ បងប្អូនកម្មករ-និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប នឹងមានប្រាក់ឈ្នួលអប្បបរមាចំនួន ១៩៤ (មួយរយកៅសិបបួន) ដុល្លារអាមេរិក ក្នុងមួយខែ ចំពោះកម្មករ-និយោជិតពេញសិទ្ធិ និងចំនួន ១៩២ (មួយរយកៅសិបពីរ) ដុល្លារអាមេរិក ក្នុងមួយខែ ចំពោះកម្មករ-និយោជិត សាកល្បង៕