(ពោធិ៍សាត់)៖ កម្លាំងនគរបាលខេត្តពោធិ៍សាត់ បានឃាត់ខ្លួនក្មេងទំនើង២នាក់ ប្រដាប់ដោយដាវសាម៉ូរ៉ៃ ធ្វើមុខសញ្ញា នៅមុខហាងស្លាមាស ស្ថិតនៅខេត្តពោធិ៍សាត់។ បន្ទាប់សាកសួរ និងធ្វើតេស្តទឹកនោម បានឲ្យដឹងថា ក្មេងទំនើងទាំងពីរនាក់បានប្រើប្រាស់ គ្រឿងញៀន។ ក្រោយមកសមត្ថកិច្ច ក៏ឈានចូលដល់ ឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនម្នាក់នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៦។
លោក ឈន រិទ្ធ អធិការនគរបាល ក្រុងពោធិ៍សាត់ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា ក្មេងទំនើង២នាក់ ទី១ ឈ្មោះចំរើន វាសនា អាយុ២០ឆ្នាំ រស់នៅ ភូមិសាឡុង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ និងទី២ ឈ្មោះ ជន សុខៈ អាយុ២០ឆ្នាំដូចគ្នា រស់នៅភូមិស្វាយចាន់ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចដកហូតបានម៉ូតូម៉ាក ZoomMear-X ព័ណ៌សខ្មៅស៊េរី២០១៤ និង ដាវសាម៉ូរ៉ៃ ១ដើម។
លោកអធិការបានបន្តថា «ក្រោយការសាកសួរ និងធ្វើតេស្តទឹកនោម ឃើញថាមានពាក់ព័ន្ធជាមួយគ្រឿងញៀន ទើបកម្លាំង របស់យើង សហការជាមួយកម្លាំងនគរបាលស្រុកកណ្តៀង នៅវេលាម៉ោង ១១៖០០នាទីព្រឹក ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០១៦ បានចុះឆែកឆេរដល់លំនៅដ្ឋានមួយកន្លែង ស្ថិតនៅភូមិពោធិ៍កំបោរ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធ ករណីជួញដូរ និង ប្រើប្រាស់គ្រឿងញៀនឈ្មោះ ងួន លីហួរ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិពោធិ៍កំបោរ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយដកហូតបានថ្នាំញៀនមួយចំនួនធំ»។
លោកអធិការនគរបាលក្រុងពោធិ៍សាត់ បានឲ្យដឹងទៀតថា បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានសួរនាំរួចរាល់ និងបញ្ចូនសំណុំរឿងទៅសាលាដំបូងខេត្ត ដោះស្រាយតាមនីតិវិធី៕