(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានស្នើដល់ជួរថ្នាក់ដឹកនាំមន្ត្រីរាជការ នៃស្ថាប័នអង្គភាពចំណុះសាលាខេត្តកំពតទាំងមូល ត្រូវខិតខំអភិវឌ្ឍសមត្ថភាពបំពេញការងាររបស់ខ្លួនម្នាក់ៗ ឱ្យស្របតាមសម័យបច្ចេកវិទ្យាព័ត៌មានទាន់សម័យ ត្រូវខិតខំព្យាយាមរៀនសូត្រពីរៀមច្បងមុនៗ ហើយអ្នកមានចំណេះ បទពិសោធន៍ការងារត្រូវបង្រៀន និងចែករំលែកដល់អ្នកមិនចេះ ធ្វើយ៉ាងណាក្រេបជញ្ជក់ចំណេះដឹងពីអ្នកចេះ។
ការស្នើបែបនេះ របស់លោក និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត ជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ នៃស្ថាប័នអង្គភាពចំណុះសាលាខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពត។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានសំណូមពរដល់មន្ត្រីរាជការទាំងអស់ នៅក្នុងសាលាខេត្តកំពត សូមបន្តខិតខំបំពេញការងារ និងម្ចាស់ការទទួលខុសត្រូវលើកិច្ចការ ដែលថ្នាក់ដឹកនាំបានប្រគល់ជូនឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ។
ទន្ទឹមនេះដែរ លោក ជាវ តាយ បានបន្តថា ដើម្បីការផ្សារភ្ជាប់ក្នុងមនោសញ្ចេតនា គោរពស្រឡាញ់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ទាំងអស់ក្នុងសាលាខេត្ត ដែលតែងបានបន្តប្រពៃណីការជួបជុំគ្នា ដែលរដ្ឋបាលខេត្ត បានអនុវត្តធ្វើឡើងក្នុង១ឆ្នាំ២ដង គឺថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ។
លោកអភិបាលខេត្ត ក៏បានឆ្លៀតឱកាសនាពេលនេះសម្ដែងនិនកោតសរសើរ ដល់មន្ត្រីររាជការគ្រប់ជាន់ថ្នាក់ក្នុងសាលាខេត្តកំពតទាំងមូល ដែលកន្លងមកបានរួមសាមគ្គីគ្នា ខិតខំបំពេញការងារជូនរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល បម្រើជាតិ បម្រើប្រជាពលរដ្ឋឱ្យអស់សមត្ថភាពពាក់ព័ន្ធលើជំនាញរបស់ខ្លួននីមួយៗ រហូតសម្រេចបានលទ្ធផលគួរជាទីគាប់ប្រសើរ។
បើទោះបីនៅមានបញ្ហាប្រឈមមួយចំនួន នៅសេសសល់ក្ដី គឺថ្នាក់ដឹកនាំមន្ត្រីរាជការទាំងអស់នៃសាលាខេត្ត តែងតែបានរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវដោះស្រាយបញ្ហាប្រឈមទាំងអស់នោះ ពីច្រើនមកតិច និងពីតិចទៅអត់ ធ្វើឱ្យរដ្ឋបាលខេត្តទទួលបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន និងមានការគាំទ្រគ្រប់មជ្ឈដ្ឋាន ដៃគូអភិវឌ្ឍន៍ និងការវិនិយោគិននានា ពិសេសភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានជ្រើសរើសខេត្តកំពត ជាគោលដៅទេសចរណ៍សម្រាប់ការលម្ហែកម្សាន្តដ៏ពេញនិយម។
ក្នុងឱកាសនោះដែរ ដើម្បីជាការលើកទឹកចិត្ត ចំពោះការខិតខំបំពេញការងារកន្លងមក ក៏ដូចជាដើម្បីអបអរសាទរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅក្នុងឆ្នាំនេះ ក្រៅពីប្រាក់បៀវត្សប្រចាំខែ និងប្រាក់ឧបត្ថម្ភចំនួន៥ម៉ឺនរៀល របស់រាជរដ្ឋាភិបាលផងនោះ។
លោក ជាវ តាយ ក៏បានឧបត្ថម្ភថវិកាបន្ថែម រួមមាន៖
*ទី១៖ មន្ត្រីរាជការសាលាខេត្ត ចំនួន ១៣១នាក់ ក្នុងម្នាក់ទទួលបាន ៤០ម៉ឺនរៀល។
*ទី២៖ សមាជិកក្រុមប្រឹក្សាខេត្ត ចំនួន ២៥នាក់ ក្នុងម្នាក់ៗ ថវិកាចំនួន៨០ម៉ឺនរៀល។
*ទី៣៖ មន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត ចំនួន ៥៩នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ២០ម៉ឺនរៀល។
*និងទី៤៖ កម្លាំងនគរបាលប្រចាំការ នៅសាលាខេត្ត មានចំនួន ០៦នាក់ ក្នុងម្នាក់ៗថវិកាចំនួន ២០ម៉ឺនរៀល៕