Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តី វង សូត ផ្តល់អំណោយ និងថវិកាជូនដល់គ្រួសារប្រជាពលរដ្ឋកើតជំងឺកូវីដ និងគ្រួសាររងផលប៉ះពាល់ដោយជំងឺកូវីដ រស់នៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

28-09-2021 13:13

(ត្បូងឃ្មុំ)៖ លោក ម៉ែន សុចិត្រ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ តំណាងលោក វង សូត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានអញ្ជើញចុះសំណេះសំណាលជាមួយអាជ្ញាធររដ្ឋបាលឃុំកក់ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ផ្ដល់ជូនរដ្ឋបាលឃុំសម្រាប់ដោះស្រាយ និងជួយសម្រួលទុក្ខលំបាកដល់ប្រជាពលរដ្ឋដែលបានបិទខ្ទប់ និងគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនទៀត សម្រាប់ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តអង្កែង។

អំណោយដែលបានចែកជូនប្រជាពលរដ្ឋនាពេលនេះ ជាអំណោយរបស់លោក វង សូត និងលោកស្រី ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាជន នៅក្នុងមូលដ្ឋានឃុំកក់ ជាពិសេសស្រុកពញាក្រែកទាំងមូល នៃខេត្តត្បូងឃ្មុំគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។

បន្ទាប់ពីសំណេះសំណាលជាមួយអាជ្ញាធរ និងប្រគល់គ្រឿងឧបភោគបរិភោគដល់អាជ្ញាធរមូលដ្ឋានរួច ឱកាសនោះលោក ម៉ែន សុចិត្រ បានអញ្ជើញចុះទៅពិនិត្យនូវស្ថានភាព ប្រជាពលរដ្ឋតាមខ្នងផ្ទះនៅតំបន់បិទខ្ទប់ និងនាំយកអំណោយនូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនដែលជាអំណោយរបស់លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារខេត្តព្រៃវែង និងលោកស្រី ចែកជូនដល់គ្រួសារដែលរងផលប៉ះពាល់ជំងឺកូវីដ១៩ គឺគ្រួសារដែលកើតជំងឺកូវីដ១៩។ គ្រឿងឧបភោគ បរិភោគរួមមាន អង្ករ មី ទឹកស៊ីអ៊ីវ ទឹកត្រី ត្រីខ និងថវិកាមួយចំនួន។

នៅឱកាសនោះដែរ លោក ម៉ែន សុចិត្រ បានលើកទឹកចិត្តបងប្អូននៅក្នុងតំបន់បិទខ្ទប់ នោះថាកុំឲ្យតក់ស្លុតកុំភិតភ័យត្រូវចេះរស់តាមរបទសម័យកាលកូវីដ ដោយប្រកាន់ខ្ជាប់នូវអនាម័យខ្ពស់ ដូចជាការលាងដៃនឹងសាប៊ូ ឬទឹកអាកុលមុននឹងចាប់យកឬកាន់របស់ឬវត្ថុអ្វីមួយ ជាពិសេសចេញទៅណាមកណាត្រូវតែពាក់ម៉ាសជាប់ជានិច្ចដើម្បីការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ ជាងនេះទៅទៀត លោកបានបន្ថែមទៀតថា ត្រូវតែគោរពទៅតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល នូវវិធានការណ៍( ៣កុំ ៣ការពារ ) នោះយើងនឹងអាចចៀសផុតពីជំងឺកូវីដ១៩ ជាមិនខានឡើយ។

សូមបញ្ជាក់ នៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានភូមិចំនួន ២៣ ភូមិ ភូមិដែលឆ្លងជំងឺកូវីដ១៩ មានចំនួន ៨ភូមិ ត្រូវនឹង៣៧ខ្នងផ្ទះ និងចំនួនមនុស្សដែលបានឆ្លងជំងឺកូវីដ១៩ចំនួន ៦២នាក់៕