(ឡាវ)៖ តំណាងសម្តេចតេជោ ហ៊ុន សែន លោក អ៊ូច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា អំណោយមនុស្សធម៌នៅក្នុងឱកាសនេះជាសក្ខីភាពនៃមនោសញ្ចេតនាដ៏ជ្រាជ្រៅ សាមគ្គីភាពស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការល្អប្រសើជាប្រពៃណីដែលថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាលទាំងពីរ កម្ពុជា-ឡាវ បានពូនជ្រំដើម្បីផលប្រយោជន៍សម្រាប់ប្រទេសជាតិទាំងពីរ។

តំណាងសម្តេចតេជោ លោក អ៊ូច បូររិទ្ធ បានបញ្ជាក់បែបនេះ នៅក្នុងឱកាសប្រគល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន២០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលកម្ពុជា ជូនដល់រដ្ឋាភិបាលឡាវ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ នៅព្រំដែនកម្ពុជា-ឡាវ នាច្រកទ្វារព្រំដែនត្រពាំងក្រៀល-ណុងណុកខៀន។ តំណាងភាគីឡាវដែលទទួលជំនួយនេះ គឺលោកបណ្ឌិត ប៊ុនហ្វេង ភូមិម៉ាឡៃស៊ិត (Bounfeng Phommalaysith) រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានគណកម្មការ ការពារគ្រប់គ្រងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាមានកត្តិយស និងសេចក្តីសោមន្សរីករាយយ៉ាងក្រៃលែង ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រគល់អំណោយវ៉ាក់សាំងចំនួន ២០០,០០០ ដូស ជូនដល់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជាបងប្អូន ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជន និងរដ្ឋាភិបាលឡាវក្នុងការបង្កា ការពារ និងប្រយុទ្ធប្រឆាំងនៃការរាលត្បាតជំងឺឆ្លងនេះ។ អំណោយមនុស្សធម៌នៅក្នុងឱកាសនេះជាសក្ខីភាពនៃមនោសញ្ចេតនាដ៏ជ្រាជ្រៅ សាមគ្គីភាពស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការល្អប្រសើជាប្រពៃណីដែលថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាលទាំងពីរ កម្ពុជា-ឡាវ បានពូនជ្រំដើម្បីផលប្រយោជន៍សម្រាប់ប្រទេសជាតិទាំងពីរ»

លោកបានលើកឡើងដែរថា តាងនាមឱ្យរាជារដ្ឋាភិបាលនិងប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ងើនូវការសាកសួរសុខទុក្ខ និងប្រសិទ្ធពរជ័យជូនដល់ប្រជាជន និងរដ្ឋាភិបាលឡាវជាមិត្ត សូមជួបប្រទះតែសុខុមាលភាព សុភមង្គល សម្បូររុងរឿង និងទទួលបានជ័យជំនះក្នុងការ អភិវឌ្ឍន៍ របស់ខ្លួន។ លោកបានបន្ថែមទៀតថា ការរាលត្បាតនៃជំងឺកូវិដ-១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គ្រប់ទិដ្ឋភាពនៃជីវិតរបស់មនុស្ស ដោយបាននាំមកនូវបញ្ហាប្រឈមជាច្រើន មិនត្រឹមតែសុវត្ថិភាព សុខភាពសាធារណៈ ប៉ុណ្នោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យខូចខាតយ៉ាងខ្លាំង ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងការចល័តរបស់ប្រជាជន ដែលជាហេតុធ្វើឱ្យសេដ្ឋកិច្ចគ្រប់ប្រទេសនៅជុំវិញពិភពលោកធ្លាក់ចុះ។ នៅក្នុងបរិបទនេះ ការឆ្លើយតបជាសមូហភាព និងសាមគ្គីភាពនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីមិនអាចខ្វះបានទេដើម្បីដោះស្រាយផលប៉ះពាល់ដល់ធ្ងន់ធ្ងរនៃជំងឺដល់សាហាវនេះ និងធានាបាននូវការស្តារឡើងវិញយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពនៅដំណាក់កាលក្រោយជំងឺរាលត្បាត។

«ជាមួយនឹងសេចក្តីប្រាថ្នា និងការប្ដេជ្ញាចិត្តរួមគ្នារបស់ប្រជាជន និងរដ្ឋាភិបាលទាំងពីរ ខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងជិតស្និទ្ធនិងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាដែលមានស្រាប់រវាងប្រទេសទាំងពីរនឹងត្រូវបាពង្រឹងនិងពង្រីកបន្ថែមទៀត ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជនយើងទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថេរភាព និងវិបុលភាពរួមនៅក្នុងតំបន់ និងពិភពលោក»។ នេះជាការបញ្ជាក់បន្ថែមរបស់ លោក អ៊ូច បូររិទ្ធ។

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានបរិច្ចាគបរិក្ខាការពារជំងឺកូវីដ១៩ ជូនប្រទេសមួយចំនួនផងដែរតាមលទ្ធភាពជាក់ស្ដែង ដូចជា ប្រទេសមីយ៉ាន់ម៉ា ទីម័រខាងកើត ឡាវ វៀតណាម និងប្រទេសនេប៉ាល់ជាដើម។

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ ប្រទេសឡាវ ទទួលបានអំណោយជាម៉ាស២លាន និងបរិក្ខារពេទ្យមួយចំនួនទៀត មានដូចជាម៉ាសក្រណាត់ចំនួន ២០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំក្លរ៉ាមីនប្រភេទB ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព ១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូផងដែរ។

បច្ចុប្បន្នប្រទេសឡាវ មានអត្រាឆ្លងជំងឺកូវីដ១៩ជាង២.២ម៉ឺននាក់ និងស្លាប់ចំនួន១៦នាក់។ ឡាវជាប្រទេសដែលមានអត្រាឆ្លងទាបជាងគេ នៅក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសព្រុយណេ៕