(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានបញ្ជាក់ថា ការចុះផ្សាយព័ត៌មានរបស់បុគ្គល យួន ឈីវ គឺជាការចុះផ្សាយព័ត៌មានគ្មានមូលដ្ឋានច្បាស់លាស់ ខុសពីការពិត ខ្វះវិជ្ជាជីវៈ ខ្វះក្រមសីលធម៌ជាអ្នកសារព័ត៌មាន ដែលការចុះផ្សាយនេះមានចេតនា បង្កាច់បង្អួចកេរ្តិ៍ឈ្មោះ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរដ្ឋបាលខេត្ត ធ្វើឱ្យសាធារណជនមានការយល់ច្រឡំ និងបង្កភាពចលាចលក្នុងសង្គម។
តាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្នុងពេល ថ្មីៗនេះ មានអ្នកសារព័ត៌មានមួយរូប ឈ្មោះ យួន ឈីវ បានធ្វើការចេញផ្សាយ និងផ្សព្វផ្សាយព័ត៌មានតាម រយៈគណនីហ្វេសប៊ុក ឈ្មោះ យួន ឈីវ និងតាមរយៈផេកហ្វេសប៊ុកឈ្មោះ Koh Kong Hot News បាន ផ្សាយព័ត៌មានមិនពិតដូចខាងក្រោម៖
នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ផេកហ្វេសប៊ុកឈ្មោះ Koh Kong Hot News បានផ្សាយវីដេអូរ ដោយដាក់ចំណងជើងថា លោក សុខ សុទ្ធី ឃោឃៅបំផុតធ្វើបាបពលរដ្ឋ។ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ គណនីហ្វេសប៊ុកឈ្មោះ យួន ឈីវ បានចុះផ្សាយអត្ថបទដោយ មានខ្លឹមសារថា លោក សុខ សុទ្ធី មិនព្រមធ្វើតាមប្រមុខរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ហើយអាជ្ញាធរខេត្តកោះកុង ដឹកនាំដោយ លោក សុខ សុទ្ធី អភិបាលរង ខេត្តកោះកុង មកកាប់ដំណាំ និងផ្ទះប្រជាពលរដ្ឋ គ្មានញញើតដៃ បន្ទាប់ពីអនុក្រឹត្យលេខ៣០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។
ពាក់ព័ន្ធនឹងការចុះផ្សាយ និងផ្សព្វផ្សាយព័ត៌មានខាងលើនេះ រដ្ឋបាលខេត្តកោះកុង បានបញ្ជាក់ថា៖ «ការចុះផ្សាយព័ត៌មានរបស់អ្នកសារព័ត៌មាន ឈ្មោះ យួន ឈីវ គឺជាការចុះផ្សាយព័ត៌មានគ្មានមូលដ្ឋានច្បាស់លាស់ ខុសពីការពិត ខ្វះវិជ្ជាជីវៈ ខ្វះក្រមសីលធម៌ជាអ្នកសារព័ត៌មាន ហើយការចុះផ្សាយព័ត៌មាននេះមានចេតនា បង្កាច់បង្អួចកេរ្តិ៍ឈ្មោះ លោក សុខ សុទ្ធី អភិបាលរងខេត្ត កោះកុង ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរដ្ឋបាលខេត្ត ធ្វើឱ្យសាធារណជនមានការយល់ច្រឡំ និងបង្កភាពចលាចលក្នុងសង្គម»។
រដ្ឋបាលខេត្តកោះកុង សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ ក្រុមការងាររដ្ឋបាលខេត្តកោះកុង ដោយមានការចូលរួមសហការពីមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងស្ថាប័នអយ្យការអមសាលាដំបូងខេត្តកោះកុង បានចុះអនុវត្តវិធានរដ្ឋបាលនៅចំណុចអូរយ៉ូយ៉ា ចំណុចខ្មោច៤នាក់ ស្ថិតនៅភូមិចម្លងគោ និងចំណុចព្រែករាក់ ចំណុចព្រែកគល់ ស្ថិតនៅភូមិចម្ការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង គឺដោយសារនៅទីតាំងទាំងនេះ មានការចូលទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ពីសំណាក់ជនខិលខូច។
នៅទីតាំងដែលរដ្ឋបាលខេត្តចុះអនុវត្តវិធានរដ្ឋបាល នេះ គឺជាទីតាំងដីស្ថិតនៅក្នុងឧទ្យានជាតិបុទុមសាគរ ខេត្តកោះកុង មិនមែនស្ថិតនៅក្នុងអនុក្រឹត្យលេខ៣០ អនក្របក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ឡើយ ហើយមុននឹងរដ្ឋបាលខេត្តកោះកុង ចុះអនុវត្តវិធានរដ្ឋបាលនៅទីតាំងទាំងនេះ រដ្ឋបាលស្រុកបូទុមសាគរ បានចេញលិខិតជូនដំណឹងចំនួន២ដង បុគ្គលទាំងឡាយណាដែលមានជាប់ពាក់ព័ន្ធនឹងការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ សាងសង់ខ្ទមអនាធិបតេយ្យ ក្នុងតំបន់ការពារធម្មជាតិ នៃឧទ្យានជាតិបូទុមសាគរ ខេត្តកោះកុង ឱ្យធ្វើការរុះរើផ្ទះ ខ្ទម ការ្យទាំងឡាយ ចេញពីទីតាំងដីនេះដោយខ្លួនឯង ប៉ុន្តែ បុគ្គលទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ទាំងនោះ រឹងទទឹងមិនព្រមសហការអនុវត្តតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរ។
ក្នុងចំណោមបុគ្គលដែលទន្ទ្រាន កាន់កាប់ដីរដ្ឋដោយខុសច្បាប់ ហើយត្រូវបានរដ្ឋបាលខេត្តកោះកុងអនុវត្តវិធានរដ្ឋបាល ក្នុងនោះក៏មាន បុគ្គលឈ្មោះ យួន ឈី ដែលជាអ្នកសារព័ត៌មាននេះផងដែរ ទើបបណ្តាលឱ្យបុគ្គលនេះខំប្រឹងផ្សាយ ព័ត៌មានបំភ្លៃការពិតដូច្នេះ។
សូមជម្រាបថា ជុំវិញការចុះផ្សាយព័ត៌មានមិនពិតនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាឱ្យប្តឹងអ្នកព័ត៌មានម្នាក់ឈ្មោះ យួន ឈីវ ករណីបំភ្លៃព័ត៌មានពាក់ព័ន្ធនឹងការកាត់ឆ្វៀលដី ជូនប្រជាពលរដ្ឋ នៅក្នុងខេត្តកោះកុង។ សម្តេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុកថា នេះជាព័ត៌មានខុសពីការពិត មិនគ្រប់ជ្រុងជ្រោយ និងបង្កភាពចលាចលក្នុងសង្គម។
តាមរយៈសារសំឡេងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺសម្តេចពិជ័យសេនា បានបញ្ជាយ៉ាងដូច្នេះថា៖ «ធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរ និងពិភាក្សាជាមួយអ្នកច្បាប់ ធ្វើរឿងហ្នឹងឱ្យបានឆាប់រហ័សទាន់ពេលវេលា»៕