(ភ្នំពេញ)៖ មន្ត្រីចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានរងរបួសធ្ងន់ ដោយត្រូវអ្នកបេីកបរស្រវឹងក្នុងល្បឿនលឿន និងក្នុងស្ថានភាពស្រវឹង បេីកមកបុកពេញទំហឹង នៅពេលអនុវត្តច្បាប់ចរាចរណ៍ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅផ្លូវ២៧១ មុខផ្សារហេងលី នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។ នេះបើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ។

លោកវរសេនីយ៍ឯក សាន សុខសីហា បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២០៖៥៥នាទី មានករណីជនសង្ស័យបេីកម៉ូតូ០១គ្រឿង ម៉ាក let's ពណ៌ស ផ្លាកលេខភ្នំពេញ 1HM9792 បានបើកម៉ូតូក្នុងល្បឿនលឿន និងស្ថានភាពស្រវឹងខ្លាំង បុកកម្លាំងសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ច អនុវត្តន៍ច្បាប់ចរាចរណ៌ និងត្រួតពិនិត្យអាវុធជាតិផ្ទុះបណ្តាលឱ្យមន្ត្រីរងរបួសធ្ងន់០១នាក់ គឺលោកអនុសេនីយ៍ឯក ស៊ុយ ទី នាយផ្នែកសណ្តាប់ធ្នាប់ និងចរាចរណ៍ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក នៅចំនុចតាមផ្លូវលេខ២៧១ មុខផ្សារហេងលី សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក»។

លោកបានបញ្ជាក់ថា បច្ចុប្បន្ន ជនបង្ក និងមន្ត្រីអ្នកអនុវត្តន៍ច្បាប់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈដេីម្បីព្យាបាល។ ក្រោយពីការសម្រាកព្យាបាលរួច ជនបង្កនឹងត្រូវរៀបចំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។

ជាមួយគ្នានេះដែរលោកវរសេនីយ៍ឯក សាន សុខសីហា បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា សូមបេីកបរដោយការទទួលខុសត្រូវ បេីស្រវឹង សូមកុំបេីកបរ៕