(ភ្នំពេញ)៖ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមា ដែលមានភាគីតំណាងរាជរដ្ឋាភិបាល តំណាងនិយោជក និងតំណាងសហជីព បានចាប់ផ្តើមរៀបចំការប្រជុំ និងបោះឆ្នោតសម្រេចចុងក្រោយ ដើម្បីកំណត់យកតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង នៅឆ្នាំ២០២២។
ការរៀបចំបោះឆ្នោតកំណត់ប្រាក់ឈ្នួលអប្បបរមាចុងក្រោយនេះ ធ្វើឡើងនៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមអធិបតីភាព លោករដ្ឋមន្ត្រី អ៉ិត សំហេង។
កិច្ចពិភាក្សាប្រាក់ឈ្នួលអប្បបរមារបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលនេះ គឺធ្វើឡើងចំនួន៣ លើកមកហើយ ពិសេសក្នុងការពិភាក្សាកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ ភាគីសហជីពបានស្នើតួលេខប្រាក់ឈ្នួលអប្បបរមាចំនួន «២០៤ ដុល្លារអាមេរិក» រីឯភាគីនិយោជកបានស្នើដាក់តួលេខត្រឹមតែ «១៨៨ ដុល្លារ» ប៉ុណ្ណោះ ខណៈភាគីរាជរដ្ឋាភិបាលដែលតែនៅកណ្ដាលនោះ គឺបានស្នើឱ្យរក្សាតួលេខ «១៩២ ដុល្លារ» ដែលជាអត្រាប្រាក់ឈ្នួលឆ្នាំ២០២១។ ទោះយ៉ាងណា តួលេខទាំងនេះមិនទាន់កៀកគ្នាមែនទែននៅឡើយទេ។
នៅក្នុងឆ្នាំ២០២១នេះ កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង គឺទទួលបានប្រាក់ឈ្នួលអប្បបរមារបស់ខ្លួនសរុប ១៩២ ដុល្លារអាមេរិកក្នុងមួយខែ ទោះបីជាប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ក៏ដោយ ដោយក្នុងពេលរៀបចំដំឡើងនោះក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានស្នើសម្រេចផ្ដល់ឱ្យ ១៩០ ដុល្លារ ចំណែក ២ ដុល្លារទៀត គឺត្រូវបានបន្ថែមដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕