(ភ្នំពេញ)៖ សៀវភៅ «ហ៊ុន សែន-នយោបាយ និងអំណាចក្នុងប្រវត្តិសាស្រ្តខ្មែរជាង៤០ឆ្នាំ» ដែលជាសៀវភៅនិពន្ធ និងរៀបរៀងឡើងដោយលោក ឆាយ សុផល ជាអ្នកកាសែតជើងចាស់មួយរូប ត្រូវបានប្រកាសផ្សព្វផ្សាយជាផ្លូវការនៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦នេះ។
ថ្លែងប្រាប់អ្នកកាសែត ក្នុងសន្និសីទកាសែត នៅទីស្នាក់ការក្លឹបបអ្នកកាសែតកម្ពុជា លោកឆាយ សុផល អ្នកនិពន្ធសៀវភៅ និងជាសាស្រ្តាចារ្យ លើវិស័យសារព័ត៌មាន បានលើកឡើងថា សៀវភៅនេះ គឺជាឯកសារជំនួយស្មារតី ផ្នែកនយោបាយ ក៏ដូចជាព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តជាច្រើនទៀត ព្រោះលោកបានរៀបរាប់ ដោយសង្ខេបស្តីពីរបត់នយោបាយ យោធា សេដ្ឋកិច្ច និងបញ្ហាសង្គមមួយចំនួនទៀត ដែលកើតមានក្នុងប្រវត្តិសាស្រ្តកម្ពុជានាអំឡុងមុនឆ្នាំ១៩៧០ រហូតមកដល់ពាក់កណ្តាល ខែមីនា ឆ្នាំ២០១៦។
លោកបានបន្តថា ការចេញផ្សាយសៀវភៅមួយនេះ គឺបានបង្ហាញពីអំណាចគ្រប់គ្រង របស់នាយករដ្ឋមន្រ្តីសម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេល៣១ឆ្នាំមកនេះ (៤ មេសា ១៩៨៥ -៤ មេសា ២០១៦)។
លោកបានបញ្ជាក់ថាថ្វីបើសៀវភៅមានចំណងជើងធំៗសរសេរថា «ហ៊ុន សែន» ពិតមែន តែខ្លឹមសារដែលមាន កម្រាសជិត ៥០០ទំព័រ នេះ បានរៀបរាប់ពីនយោបាយ និងអំណាចប្រទាក់ក្រឡាគ្នា នៅក្នុងប្រវត្តិសាស្រ្តកម្ពុជាផងនិងពិភពលោកផង ដោយមានពាក់ព័ន្ធនឹង ឥស្សរជនជាច្រើនទាំងខ្មែរ និងបរទេសដែលកើតមាននៅមុនឆ្នាំ១៩៧០ រហូតមកដល់ពាក់កណ្តាល ខែមីនា ឆ្នាំ២០១៦ ក្នុងនោះក៏មាន ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិលោក សម រង្ស៊ី និងលោក កឹម សុខា ផងដែរ។
លោកឆាយ សុផល បានបន្ថែមថានេះគឺជាការចេញផ្សាយ សៀវភៅលើកទី២ហើយ ព្រោះកាលពីពេលបោះពុម្ព លើកទីមួយគិតត្រឹមព្រឹត្តិការណ៍ ឆ្នាំ២០១១ មានជាង ៣០០ទំព័រ តែលើកទី២នេះ គឺគិតព្រឹត្តិការណ៍ រហូតមកដល់ពាក់កណ្តាល ខែមីនាឆ្នាំ២០១៦ ដែលមានចំនួន៤៩៤ទំព័រ។លោក ឆាយ សុផល បានបន្តថា ក្នុងភាពជាអ្នកដឹកនាំ រដ្ឋាភិបាលរយៈពេល៣១ឆ្នាំមកនេះ សម្តេច ហ៊ុន សែន ពិតជាមានអ្នកគាំទ្រ និងអ្នកប្រឆាំង ដែលបញ្ហានេះ មិនមែនចម្លែកទេនៅក្នុងសង្គមប្រជាធិបតេយ្យ។
គួរបញ្ជាក់ថា នៅថ្ងៃទី៤ មេសា ១៩៧០ សម្តេចតេជោ ហ៊ុន សែន បានចូលរួម ចលនាតស៊ូក្រោយមានការ អំពាវនាវរបស់ សម្តេច នរោត្តម សីហនុ ឲ្យជនរួមជាតិងើបឡើងប្រឆាំង ពួកចក្រពត្តិអាមេរិក និងរដ្ឋាភិបាលដែលដឹកនាំដោយលោក លន់ នល់ ហើយសម្តេច បានយកថ្ងៃទី៤ មេសា ជាថ្ងៃកំណើតផ្លូវការនៅក្នុងប្រវត្តិរូបរហូតមក តែថ្ងៃកំណើតរបស់ លោកគឺថ្ងៃទី៥ សីហា១៩៥២។ គិតមកដល់ពេលនេះ លោក ឆាយ សុផល បានចងក្រងចេញជាសៀវភៅ ប្រវត្តិសាស្រ្តផ្សេងពាក់ព័ន្ធនឹងព្រឹត្តការណ៏ក្នុងប្រទេស និងអន្តរជាតិបានប្រមាណ៥ក្បាលហើយ៕