(បន្ទាយមានជ័យ)៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងក្រុមការងារ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញចុះបំពេញបេសកកម្ម នៅខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមរបស់ លោក អ៊ំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ។
គោលបំណងនៃការចុះបំពេញបេសកកម្មនេះ គឺដើម្បីពិភាក្សាអំពីការពង្រឹងការអនុវត្តវិធានសុខាភិបាល និងវិធានរដ្ឋបាលក្នុងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩នៅទូទាំងខេត្ត។
ក្នុងឱកាសនោះ រដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានអញ្ជើញចុះពិនិត្យការផ្តល់សេវារបស់មន្ទីរពេទ្យបង្អែកព្រះនេត្យព្រះ និងបានសួរសុខទុក្ខបុគ្គលិកសុខាភិបាល ដែលឆ្លងជំងឺកូវីដ១៩ ចំនួន៣៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកព្រះនេត្យព្រះ។
រដ្ឋមន្រ្តី ម៉ម ប៊ុនហេង ក៏បានបន្តចុះពិនិត្យសកម្មភាពអនុវត្តវិធានសុខាភិបាល វិធានការរដ្ឋបាល នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត រួចបន្តទៅពិនិត្យមន្ទីរពិសោធន៍នៃមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ដែលបំពាក់ម៉ាស៊ីន PCR ជាជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃ (TICA) ដែលមានសមត្ថភាពអាចធ្វើតេស្តបាន ចំនួនពី២០០ ទៅ៣០០សំណាក ក្នុងមួយថ្ងៃ។
បន្ទាប់មក រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅទីទួលសុវត្ថិភាពនៃក្រុងសិរីសោភណ្ឌ និងបានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋរក្សាអនាម័យជាប្រចាំ ដើម្បីចៀសវាងជំងឺរាករូស និងជំងឺឆ្លងផ្សេងៗ រួមទាំងជំងឺកូវីដ១៩ ព្រមទាំងបានចែកឱសថសម្លាប់មេរោគ ថ្នាំរមាស់ មុងជ្រលក់ថ្នាំ និងសាប៊ូ ជាដើម។
សម្រាប់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានទទួលនូវឱសថបុរាណចិនចំនួន ១លានគ្រាប់ ថ្នាំព្យាបាលពស់ចឹកចំនួន ១៥០ដប និងឱសថសារវន្តមួយចំនួនផងដែរ។
ជាមួយគ្នានោះលោករដ្ឋមន្រ្តី បានពាំនាំនូវការកោតសរសើរដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្រ្តី ជូនដល់មន្រ្តីសុខាភិបាល អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅខេត្តបន្ទាយមានជ័យ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕