(ព្រៃវែង-ត្បូងឃ្មុំ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដផ្ដល់អំណោយមនុស្សធម៌ជូន លោកតា លោកយាយ អាយុ១០០ឆ្នាំឡើង ចំនួន៧នាក់បន្ថែមទៀត នៅខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ បន្ទាប់ពីពួកគាត់បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នាំយកទៅប្រគល់ជូនដល់ខ្នងផ្ទះនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយផ្ដើមចេញពីព្រឹកព្រលឹម រហូតបញ្ចប់នៅល្ងាចថ្ងៃដដែល។

លោកតា និងលោកយាយ ដែលទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន រួមមាន៖

*ទី១៖ លោកយាយ វៃ យឿន អាយុ១០០ឆ្នាំ រស់នៅភូមិព្រៃរុន ឃុំព្រះស្ដេច ស្រុកព្រះស្ដេច ខេត្តព្រៃវែង
*ទី២៖ លោកតា ញុឹប ញាណ អាយុ១០២ឆ្នាំ រស់នៅភូមិសុក្រំជ្រំ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ
*ទី៣៖ លោកយាយ មាស ស៊ុន អាយុ១០២ឆ្នាំ រស់នៅភូមិត្រពាំងឬស្សី ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
*ទី៤៖ លោកយាយ ពោន សាន អាយុ១០១ឆ្នាំ រស់នៅភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
*ទី៥៖ លោកតា សេត ផុន អាយុ១០១ឆ្នាំ រស់នៅភូមិជាំធ្លក ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
*ទី៦៖ លោកតា គល់ សុឹម អាយុ១០១ឆ្នាំ រស់នៅភូមិជើងអាង ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
*ទី៧៖ លោកតា សេង ទី អាយុ១០៣ឆ្នាំ រស់នៅភូមិសញ្ជ័សសែន ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកតា លោកយាយ ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាព ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ និងមូលហេតុអ្វីដែលជំរុញឲ្យរូបគាត់ ទៅទទួលយកនូវការចាក់វ៉ាក់សាំង។

ទាំងលោកតា និងលោកយាយដែលបានចាក់វ៉ាក់សាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលអនុញ្ញាតឲ្យគាត់បានចាក់វ៉ាក់សាំង និងបានផ្ដល់អំណោយជូនរូបគាត់នៅឱកាសនេះ។

ពួកគាត់បានបង្ហាញនូវការយល់ឃើញថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺពិតមានជាសារៈសំខាន់ខ្លាំងណាស់សម្រាប់គាត់ បើទោះបីរូបគាត់ចាស់ជរាក៏ពិតមែន ប៉ុន្ដែវ៉ាក់សាំងអាចការពារកុំឲ្យឆ្លងជំងឺកូវីដ១៩ បើទោះបីរូបគាត់ឆ្លងដោយប្រការណាមួយ ក៏មិនបណ្ដាលឲ្យឈឺធ្ងន់ធ្ងរនោះដែរ។

សូមជម្រាបថា រហូតមកដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងនាមជាសេនាធិការជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា, លោកស្រី ឱ វណ្ណឌីន បាននាំយកអំណោយមនុស្សធម៌របស់សម្ដេច ផ្ដល់ជូនលោកតា លោកយាយ ដែលមានអាយុ១០០ឆ្នាំឡើង បានចំនួន១២៦នាក់រួចហើយ ខណៈនៅមួយចំនួនទៀត នឹងយកទៅប្រគល់ជូនដល់ខ្នងផ្ទះជាបន្ដបន្ទាប់៕