(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ដឹកនាំដោយលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការ បានចុះបេសកកម្មទៅកាន់ខេត្តកំពង់ស្ពឺ ក្នុងគោលបំណង ពិនិត្យស្ថានភាព នៃការបង្រៀន និងរៀនតាមបណ្តុំនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងខេត្ត។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្នុងនាមរដ្ឋបាល មន្រ្តីរាជការ និងលោកគ្រូ អ្នកគ្រូទូទាំងខេត្តកំពង់ស្ពឺ សូមសម្តែងនូវការស្វាគមន៍ប្រកបដោយក្តីមោទនៈដែលគណៈកម្មការទី៧នៃរដ្ឋសភាបានជ្រើសរើសខេត្តកំពង់ស្ពឺ ជាខេត្តដំបូងដើម្បីពិនិត្យស្ថានភាពនៃការបង្រៀន និងរៀនតាមបណ្តុំនៅតាមគ្រឹះស្ថានសាធារណៈ និងឯកជន។
ក្នុងនាមជាអ្នកតំណាងរាស្រ្ត និងជាប្រធានគណៈកម្មការទី៧ ជានិច្ចជាកាល លោក ហ៊ុន ម៉ានី តែងតែខ្វាយខ្វល់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសប្អូនៗក្មួយៗសិស្សានុសិស្ស ដែលជាអនាគតសសរទ្រូងនៃប្រទេសជាប្រចាំ។
វត្តមានរបស់គណៈប្រតិភូសភានាឱកាសនេះ បានបង្ហាញពីការយកចិត្តទុកដាក់តាមដានការអនុវត្តភារកិច្ចរបស់ស្ថាប័នរាជរដ្ឋាភិបាលគ្រប់កម្រិត ដែលជាតួនាទីដ៏សំខាន់មួយរបស់អង្គនីតិបញ្ញត្តិ។
យោងរបាយការណ៍របស់លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឲ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឲ្យបើកគ្រឹះស្ថានសិក្សា ដោយឲ្យសិស្សមករៀនផ្ទាល់ នៅក្នុងខេត្តកំពង់ស្ពឺ មានគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គឺបានបើកដំណើរការសរុបចំនួន ៨៧៤ (ស្មើនឹង៨៣,៥៥%) លើគ្រឹះស្ថានសិក្សាសរុប ១០៤៦ ទូទាំងខេត្ត (គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១)។
ចំពោះគ្រឹះស្ថានសិក្សាដែលមិនទាន់បានបើក សុទ្ធសឹងជាគ្រឹះស្ថានដែលស្ថិតក្នុងតំបន់ទីប្រជុំជន ដែលមានហានិភ័យខ្ពស់ និងជាទីតាំងដែលនៅមានករណីផ្ទុះក្នុងសហគមន៍។ ជារួម ដំណើរការនៃការបើកសាលារៀនឡើងវិញ នៅខេត្តកំពង់ស្ពឺបានប្រព្រឹត្តទៅយ៉ារលូន និងទទួលបានការសាទរ និងគាំទ្រពីសិស្សានុសិស្ស ក៏ដូចជាអាណាព្យាបាល និងមិនមានករណីឆ្លងក្នុងសាលារៀនឡើយ គិតមកទល់ពេលនេះ។
មានមតិក្នុងកិច្ចប្រជុំ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ ជំនួសមុខឲ្យថ្នាក់ដឹកនាំ នៃរដ្ឋសភា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈអភិបាល ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា ជាពិសេស លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបំពេញភារកិច្ចការពារអាយុជីវិត សុខសុវត្ថិភាពប្រជាជន ជាពិសេសបន្តការងារបង្រៀនសិស្សទោះស្ថិតក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។
ដោយសារស្ថានភាព នៃការឆ្លងរីករាលនៃជំងឺកូវីដ១៩ ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន ជាមួយនឹងការចាក់វ៉ាក់សាំងជូនដល់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់១៧ឆ្នាំ និងថ្មីៗនេះបានចាក់ជូនកុមារចាប់ពីអាយុ៦ឆ្នាំ ដល់អាយុ១១ឆ្នាំ ដែលអាចបង្កើនបាននូវភាពស៊ាំនៅក្នុងសហគមន៍ ទើបរាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឲ្យពិនិត្យពិចារណា បើកដំណើរការឡើងវិញជាដំណាក់កាលនូវគ្រឹះស្ថានសិក្សាចំណេះទូទៅ នៅតាមបណ្តា ក្រុង ស្រុក ខណ្ឌ តាមទីតាំងភូមិសាស្រ្តដែលមានហានិភ័យទាប ចាប់ពីថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២១ ដោយតម្រូវឱ្យអាជ្ញាធររាជធានី ខេត្ត ធ្វើការវាយតម្លៃតាមស្ថានភាពជាក់ស្តែង និងត្រូវអនុវត្តឱ្យបាននូវគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាលចាំបាច់នានា ស្របតាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក ហ៊ុន ម៉ានី បានបន្តថា ការបើកដំណើរការដំណើរការសាលារៀនមួយចំនួនទូទាំងប្រទេសនាពេលថ្មីៗនេះ គឺជាសញ្ញាវិជ្ជមានថ្មីមួយចំពោះសង្គមកម្ពុជា ដែលកើតឡើងដោយសារ៖
*ការអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ពិសេសការអនុវត្តយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងជូនប្រជាជនទូទាំងប្រទេសដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ ដែលគិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ មានប្រជាជនរាប់ចាប់ពីកុមារអាយុ ៦ឆ្នាំឡើងទៅចំនួនសរុប ១២,៩៥០,១៤៩ (ស្មើនឹង ៨០,៩៤% នៃប្រជាជនសរុប ១៦លាននាក់) បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ យ៉ាងហោចណាស់១ដូស។
*ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងរយៈពេលប្រមាណ៧ខែមកនេះ (ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ) និងការចូលរួមយ៉ាងសស្រាក់សស្រាំពីមហាជន ប្រជាជន មន្ត្រីរាជការ និងកងកម្លាំងទាំងអស់ក្នុងការអនុវត្តវិធានការ «៣កុំ ៣ការពារ» ដែលបានផ្តល់ផ្លែផ្កាគួរជាទីកត់សម្គាល់រហូតការឈានទៅដល់ការបើកសាលារៀនមួយចំនួនឡើងវិញ ហើយសង្ឃឹមថា នាពេលខាងមុខ សង្គមកម្ពុជាទាំងមូលនឹងវិលត្រឡប់មកសភាពមុនការរីករាលដាលនៃជំងឺកូវីដ១៩ ដែលអាចអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចប្រកបរបរទទួលទានចិញ្ចឹមជីវិតដូចធម្មតាវិញ។
បន្ទាប់ពីជំនួបពិភាក្សារួចមក គណៈប្រតិភូបានបន្តចុះទស្សនកិច្ចផ្ទាល់ទៅកាន់គ្រឹះស្ថានសិក្សាចំនួន០២ ដែលមានទីតាំងស្ថិតក្នុងខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យដោយផ្ទាល់នូវដំណើរការបង្រៀននៅតាមសាលាទាំងនោះ ដែលរួមមាន សាលាបឋមសិក្សាសន្តិភាព និងវិទ្យាល័យ សុខា ផល្លី។
នាឱកាសនោះផងដែរ លោកប្រធានគណៈកម្មការ បានផ្តល់ជូនសម្ភារៈមួយចំនួនជូនសាលារួមមាន៖ ម៉ាស ទឹកថ្នាំលាងដៃ ឡាបូចល័ត និងថវិកាជូនលោកគ្រូ អ្នកគ្រូផងដែរ។
សូមបញ្ជាក់ថា គណៈកម្មការទី៧ បាន និងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពដំណើរការនៃការបើកសាលារៀននៅទូទាំងប្រទេស។
កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ជាថ្ងៃដែលគ្រឹះស្ថានសិក្សាធ្វើការបើកទីតាំងឡើងវិញ ស្របតាមលក្ខខ័ណ្ឌរបស់ក្រសួង លោក ហ៊ុន ម៉ានី និងលោក សំ រិទ្ធី ប្រធាន និងអនុប្រធានគណៈកម្មការទី៧ បានធ្វើទស្សនកិច្ចទៅកាន់វិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាលដើម្បីពិនិត្យការចូលរៀនដោយផ្ទាល់ឡើងវិញរបស់សិស្សានុសិស្ស បន្ទាប់ពីត្រូវបានខកខានអស់ជិត ២ឆ្នាំមកនេះ៕