(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦នេះ បានដឹកនាំកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយមានការចូលរួមពីគណៈអភិបាល អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ប្រធានការិយាល័យចំណុះជំនាញនានាជុំវិញខណ្ឌ ចៅសង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាលទាំង១៣ ប្រធានភូមិទាំង៨៧ និងតំណាងសាលារៀនទាំងអស់ក្នុងខណ្ឌ។
លោកអភិបាលបានណែនាំដល់អង្គប្រជុំឲ្យយកចិត្តទុកដាក់ចំពោះការការពារសន្តិសុខសណ្តាប់ធ្នាប់ ឲ្យបានល្អប្រសើរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ និងបំផុសឲ្យមានការលេងល្បែងប្រជាប្រិយខ្មែរ នៅតាមវត្តអារាម និងទីសាធារណៈនានា ដើម្បីចូលរួមចំណែកអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ទាំងអស់គ្នា។
ជាមួយគ្នានេះ លោកអភិបាលក៏បានណែនាំឲ្យយកចិត្តទុកដាក់ក្នុងការបង្ការ គ្រោះថ្នាក់នានាដូចជាបញ្ហាអគ្គិភ័យ ដែលអាចកើតឡើងពីការដុតទៀនធូប ឬភ្លើងចង្ក្រានជាដើម ដោយមិនបានពន្លត់ឲ្យបានត្រឹមត្រូវ និងជាពិសេសការធ្វើដំណើរ គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារសុវត្ថិភាព និងរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី។
សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ បានដាក់ចេញនូវផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ ត្រៀមបង្ការ និងបង្ក្រាបបទល្មើសផ្សេងៗក្នុងមូលដ្ឋាន ដោយមានវេណប្រចាំការ ល្បាត និងគោលដៅសម្រួលចរាចរណ៍ ដើម្បីរួមគ្នាអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ ក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្ត ៤០០.០០០រៀល ដល់អធិការដ្ឋាននគរបាលខណ្ឌ ក្នុងការបង្ក្រាបបទល្មើស និងបានឧបត្ថម្ភដល់អធិការដ្ឋាន និងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ក្នុងមួយអង្គភាព ប្រេងចំនួន ៤០០លីត្រ សម្រាប់ការពារក្នុងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខ។
ជាមួយគ្នាលោកអភិបាល ក៏បានប្រគល់សម្លៀកបំពាក់ឯកសណ្ឋាន ដែលជាអំណោយរបស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដល់មេភូមិទាំង៨៧ផងដែរ។