(បន្ទាយមានជ័យ)៖ នៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី គីម វីរៈ ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណេីរដោយឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១ បានចុះត្រួតពិនិត្យការដំឡេីងតង់បន្ថែមទៀតទាំងយប់ ដេីម្បីត្រៀមសម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។
ខេត្តបន្ទាយមានជ័យកំពុងរងការជន់លិចដោយសារជំនន់ទឹកភ្លៀង និងទឹកធ្លាក់មកពីប្រទេសថៃ ហើយនៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ ទឹកនៅតែបន្តហក់ឡេីង និងមានភ្លៀងធ្លាក់កំរិតមធ្យមផងដែរ។
ដើម្បីត្រៀមលក្ខណៈសម្បត្តិជួយពលរដ្ឋដែលត្រូវជម្លៀសចេញពីការជន់លិចនោះ ក្រុមការងារសង្គ្រោះបានដំឡេីងតង់បន្ថែមចំនួន៥ ទុកសម្រាប់ប្រជាពលរដ្ឋស្នាក់នៅបណ្តោះអាសន្ន ក្នុងករណីទឹកបន្តកេីនឡេីងទៀត។
ជាមួយគ្នានេះកងកម្លាំងចម្រុះ និងកងកម្លាំងអន្តរាគមន៍របស់កងពលតូចថ្មេីរជេីងលេខ៥១ បានត្រៀម ២៤ម៉ោងលេី២៤ម៉ោង ក្នុងទីតាំងរងគ្រោះផ្ទាល់តែម្តង ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ត្រី គីម វីរៈ បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័តខ្ពស់ចំពោះកូនតូច និងទ្រព្យសម្បត្តិមួយចំនួនករណីទឹកជំនន់បន្តកេីនឡេីងធ្វេីឱ្យប៉ះពាល់ធ្ងន់ធ្ងរ សូមរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ឬទីបញ្ជាការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកម្លាំងដែលប្រចាំការនៅទីតាំងរងគ្រោះផ្ទាល់ ដេីម្បីជួយសង្គ្រោះឱ្យបានទាន់ពេលវេលា៕