(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្ដល់វ៉ាក់សាំងប្រភេទស៉ីណូវ៉ាក់ចំនួន ២០ម៉ឺនដូស ជូនរដ្ឋាភិបាលប្រទេសឡាវ ដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន សំដៅការពារជំងឺកូវីដ១៩ នេះបើយោងតាមលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស។

វ៉ាក់សាំងស៉ីណូវ៉ាក់ទាំង ២០ម៉ឺនដូសនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់តាំងឱ្យលោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការ ក្រសួងការបរទេស ដែលជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនរដ្ឋាភិបាលឡាវ នៅថ្ងៃស្អែកទី២៨ ខែកញ្ញា ឆ្នាំ២០២១។ ពិធីប្រគល់ និងទទួលវ៉ាក់សាំងស៉ីណូវ៉ាក់ទាំង ២០ម៉ឺនដូស នឹងធ្វើឡើងនៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ក្នុងខេត្តស្ទឹងត្រែង ជាប់ព្រំដែនខេត្តចម្ប៉ាស័ករបស់ឡាវ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នាល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ លោក អ៊ុច បូររិទ្ធ បានបញ្ជាក់ថា នៅព្រឹកថ្ងៃស្អែក លោកនិងក្រុមការងារនឹងធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ដើម្បីប្រគល់វ់ាក់សាំងជូនថ្នាក់ដឹកនាំរដ្ឋាភិបាលឡាវ នៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ក្នុងខេត្តស្ទឹងត្រែង។

ការសម្រេចផ្ដល់វ៉ាក់សាំងរបស់កម្ពុជាជូនរដ្ឋាភិបាលឡាវខាងលើនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ដ៏ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះសុខមាលភាព ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរដែលរស់នៅជាប់ព្រំដែនជាមួយគ្នា។ ការផ្ដល់វ៉ាក់សាំងជូនរដ្ឋាភិបាលឡាវនៅពេលនេះ នឹងសំដៅការលើកកម្ពស់ផ្នែកសុខមាលភាព កាន់តែល្អប្រសើរថែមទៀតសម្រាប់ប្រជាជនឡាវ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា។

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានបរិច្ចាគបរិក្ខាការពារជំងឺកូវីដ១៩ ជូនប្រទេសមួយចំនួនផងដែរតាមលទ្ធភាពជាក់ស្ដែង ដូចជា ប្រទេសមីយ៉ាន់ម៉ា ទីម័រខាងកើត ឡាវ វៀតណាម និងប្រទេសនេប៉ាល់ជាដើម៕