(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថាអាជ្ញាធរខេត្ត នឹងចាត់វិធានការរដ្ឋបាល និងច្បាប់ចំពោះម្ចាស់អគារ សណ្ឋាគារ និងកាស៊ីណូដែលប្រើប្រាស់ ហត្ថពលករដោយបង្ខំ។ នេះបើតាមសេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ។
ការចេញមកសេចក្តីជូនដំណឹងបែបនេះរបស់លោក គួច ចំរើន បានធ្វើឡើងបន្ទាប់ពីក្នុងរយៈពេលកន្លងមករដ្ឋបាលខេត្តព្រះសីហនុបានសង្កេតឃើញថា ការជ្រើសរើស ការគ្រប់គ្រង ការចាត់ចែង ការអនុវត្តកិច្ចសន្យាការងារ រវាងនិយោជក និងបុគ្គលិក កម្មករ និយោជិតមួយចំនួននៅមិនទាន់ស្របតាមនីតិវិធីច្បាប់នៅឡើយ ដែលជាហេតុបណ្តាលឱ្យកើតមានវិវាទការងារ ហើយរដ្ឋបាលខេត្តក៏បានទទួលពាក្យបណ្តឹង និងដោះស្រាយវិវាទការងារ ជាបន្តបន្ទាប់ច្រើនករណីមកហើយ។
លោកបានបញ្ជាក់ថា ដើម្បីដោះស្រាយ និងកាត់បន្ថយវិវាទការងារប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ជាពិសេសដើម្បីទប់ស្កាត់ការបំពេញការងារដោយបង្ខំ ឬជាកាតព្វកិច្ច ដែលអាចប្រឈមនឹងការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទក្រោមរូបភាពរកការងារឱ្យធ្វើក្នុងទម្រង់កេងប្រវ័ញ្ចពលកម្ម រដ្ឋបាលខេត្តព្រះសីហនុ សូមដាក់ចេញនូវវិធានការម៉ឺងម៉ាត់ តាមច្បាប់ដូចខាងក្រោម៖
*ទី១៖ ការងារដោយបង្ខំ ឬជាកាតព្វកិច្ច ត្រូវហាមឃាត់ដាច់ខាត (ដោយអនុលោមតាមអនុសញ្ញាលេខ ២៩ ស្តីពី ការងារដោយបង្ខំ ឬដោយកាតព្វកិច្ច អនុម័តនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៣០ ដោយអង្គការការងារអន្តរជាតិ ហើយព្រះរាជាណាចក្រកម្ពុជា បានឱ្យសច្ចាប័ននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៦៩ និងស្របតាមមាត្រា១៥ នៃច្បាប់ស្តីពីការងារ នៃព្រះរាជាណាចក្រកម្ពុជា)។
*ទី២៖ ការជួលមនុស្សឱ្យធ្វើការងារដើម្បីកាត់ជំពាក់ ត្រូវហាមឃាត់ (មាត្រា១៦ នៃច្បាប់ស្តីពីការងារ នៃព្រះវាជាណាចក្រកម្ពុជា)។
*ទី៣៖ ការកាត់ប្រាក់ឈ្នួលក្នុងគោលបំណងឱ្យអ្នកទទួលរកការឱ្យធ្វើ ទោះបីដោយចំពោះក្តី ឬមិនចំពោះក្តី ឱ្យទៅនិយោជក អ្នកតំណាងនិយោជក ឬអន្តរការីណាម្នាក់ ដូចជាភ្នាក់ងារទទួលជ្រើសរើសហត្ថពលករជាដើមត្រូវហាមឃាត់ (មាត្រា១២៦ នៃច្បាប់ស្តីពីការងារ នៃព្រះរាជាណាចក្រកម្ពុជា)។
*ទី៤៖ ជនណាដែលនាំយកជនដទៃចេញដោយមិនស្របច្បាប់ ក្នុងគោលដៅស្វែងរកប្រយោជន៍ ឈ្លានពានខាងផ្លូវភេទ ផលិតរូបភាពអាសអាភាស រៀបអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈរបស់ជនរងគ្រោះ សុំកូន ឬទម្រង់ណាមួយនៃការកេងប្រវ័ញ្ចផ្សេងទៀតនឹងត្រូវផ្តន្ទាទោសតាមច្បាប់(មាត្រា១០ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៃព្រះរាជាណាចក្រកម្ពុជា)។
*ទី៥៖ បុគ្គលដែលចាប់ ឬឃុំឃាំង ឬដែលបង្ខាំងបុគ្គលផ្សេងទៀតដោយគ្មានបញ្ជាពីអាជ្ញាធរស្របច្បាប់ ឬក្រៅពីករណីដែលច្បាប់អនុញ្ញាតត្រូវផ្តន្ទាទោសតាមច្បាប់(មាត្រា២៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា)។
យោងតាមអនុសញ្ញាលេខ២៩ នៃអង្គការការងារអន្តរជាតិ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា សកម្មភាពដូចបានរៀបរាប់ខាងលើគឺជាអំពើឧក្រិដ្ឋកម្មដែលត្រូវផ្តន្ទាទោស និងមានស្ថានទម្ងន់ទោសធ្ងន់ធ្ងរ ព្រោះជាអំពើប៉ះពាល់ដល់មនុស្សជាតិ។
ជាងនេះទៀត រដ្ឋបាលខេត្តនឹងចាត់វិធានការរដ្ឋបាល និងច្បាប់ចំពោះម្ចាស់អគារ សណ្ឋាគារ និងកាស៊ីណូ ដែលមានការពាក់ព័ន្ធទោះក្នុងរូបភាពដោយប្រយោល ឬដោយផ្ទាល់ក្ដី ទៅលើការបង្ខាំងការបង្ខំឱ្យមនុស្សធ្វើការ ការជួញដូរតាមរូបភាពទទួលមនុស្សឆ្លងដែនដោយខុសច្បាប់ឱ្យធ្វើការ ដែលមានការចាត់តាំងជាដើម...។ល។
ក្នុងករណីរកឃើញម្ចាស់អគារ សណ្ឋាគារ និងកាស៊ីណូប្រព្រឹត្តបទល្មើសដូចមានចែងខាងលើ រដ្ឋបាលខេត្តព្រះសីហនុនឹងចាត់វិធានការផ្លាកទីតាំងអាជីវកម្មជាបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសបុគ្គលដែលមានការពាក់ព័ន្ធស្របតាមច្បាប់ជាធរមាន ព្រមទាំងស្នើសុំរាជរដ្ឋាភិបាលដើម្បីលុបអាជ្ញាប័ណ្ណអាជីវកម្មជាស្ថាពរ៕