Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្មវិធីសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៦ នឹងប្រកួតផ្តាច់ព្រ័ត្រនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦

04-04-2016 15:59

(ភ្នំពេញ)៖ វគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតប្រជែងដណ្តើមពានរង្វាន់កម្មវិធីសម្រស់ឯកវាយនភណ្ឌ​ ឆ្នាំ២០១៦ នឹងធ្វើឡើងនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ខាងមុខនេះ ដោយមានការចាក់ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ PNN ផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក អ៊ិត សំហេង បានថ្លែងនៅក្នុងពិធីបើកការប្រកួតជម្រុះលើកទី១ នៅទីស្តីក្រសួងការងារនាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា កម្មវិធីប្រកួតប្រជែង «សម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៦» នេះ មានបេក្ខជន បេក្ខនារី ដាក់ពាក្យចូលរួមប្រកួតប្រជែងមានចំនួន ៤៣១រូប ក្នុងនោះមាននារី ៣១៩រូប មកពីមណ្ឌលចំនួន៣ គឺនៅទីស្តីការក្រសួង ២៣៥រូប នៅខេត្តព្រះសីហនុ ៧៩រូប និងនៅខេត្តស្វាយរៀង ១១៧រូប។

លោករដ្ឋមន្រ្តីបានឲ្យដឹងថា បន្ទាប់ពីគណៈកម្មការប្រឡងបានពិនិត្យលក្ខណៈសម្បត្តិ បានសម្រេចជ្រើសរើសបេក្ខជន ៨០រូប និង បេក្ខនារី ៨០រូប មកប្រកួតជម្រុះនៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦នេះ។

បើតាមលោក អ៊ិត សំហេង សម្រាប់ការប្រកួតជម្រុះនាព្រឹកថ្ងៃនេះ នៅមណ្ឌលទីស្តីការក្រសួងការងារ បានស្វែងរកឃើញបេក្ខជន ១០រូប និងបេក្ខនារី ១០រូប សម្រាប់ទៅប្រកួតផ្តាច់ព្រ័ត្រ។ ដោយឡែកនៅមណ្ឌលខេត្តព្រះសីហនុ និង ខេត្តស្វាយរៀង នៅមិនទាន់ ដឹងលទ្ធផល នៃការប្រកួតជម្រុះវគ្គទី១នេះនៅឡើយទេ។

លោករដ្ឋមន្រ្តី អ៊ិត សំហេង ក៏បានឲ្យដឹងផងដែរថា សម្រាប់បេក្ខជន បេក្ខនារី ដែលប្រកួតវគ្គជម្រុះលើកទី១នេះ ទទួលបានថវិកាម្នាក់ ៣០ម៉ឺនរៀល ហើយអ្នកប្រឡងមិនជាប់ទទួលបានថវិកា ២០ម៉ឺនរៀល។

សូមបញ្ជាក់ ឆ្នាំ២០១៦នេះ គឺជាឆ្នាំទី២ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតឲ្យការប្រកួតប្រជែងកម្មវិធី «សម្រស់ឯកវាយនភណ្ឌ»៕