(ព្រះវិហារ)៖ ស្ត្រីមេម៉ាយទីទ័លក្រម្នាក់ ដែលរស់នៅក្នុងខ្ទមរយីករយាកតាមវាលស្រែ នៅក្នុងភូមិថ្នាល់បំបែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ បានទទួលថវិកាពីសប្បរសជន សម្រាប់សាងសង់ផ្ទះថ្មី។
លោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអមអយ្យការសាលាដំបូងខេត្តព្រះវិហារ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ រូបលោកបានសហការជាមួយក្រុមចលនាយុវជន១៥៧ ប្រចាំខេត្តព្រះវិហារ បាននាំថវិកាចំនួន ៤,៥០,០០០០រៀល យកទៅប្រគល់ជូនស្ត្រីមេម៉ាយទីទ័លក្រម្នាក់ សម្រាប់ឱ្យគាត់យកទៅសាងសង់ផ្ទះថ្មី ជំនួយខ្ទមរយីករយាករបស់គាត់។
លោក វុធ សាវី ក៏បានអរគុណដល់សប្បុរជន ពិសេសក្រុមចលនាយុវជន១៥៧ ប្រចាំខេត្តព្រះវិហារ ដែលបានរួមគ្នាបរិច្ចាកថវិកាសម្រាប់ជួយសាងសង់ផ្ទះថ្មីជូនស្ត្រីមេម៉ាយទីទ័លក្ររូបនេះ។
នាឱកាសនោះដែរ លោកក៏បានកោតសរសើរ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ គឺតែងបានគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទិសទី។
បន្ថែមពីនេះ លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋត្រូវបន្តការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ១៩ ដោយត្រូវអនុវត្តឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជូន។
ក្នុងឱកាសនោះដែល លោក គុណ ហ៊ុយ មេឃុំថ្មី ស្រុកគូលែន បានឱ្យដឹងថា ស្ត្រីមេម៉ាយទីទ័លក្រ ដែលទទួលបានថវិកាសម្រាប់សាងសង់ផ្ទះថ្មីនេះ មានឈ្មោះ ដុល វណ្ណី អាយុ៥៦ឆ្នាំ មានកូនចំនួន៣នាក់។
លោកបានបន្តថា ក្នុងនាមអាជ្ញាធរឃុំ លោកពិតជាមានក្តីរំភើបរីករាយណាស់ ដែលបានសប្បុរសជន ពិសេសលោកព្រះរាជ្ញារងខេត្តព្រះវិហារ ដែលបានដឹកនាំក្រុមការងារនាំថវិកាយកមកជូនគាត់នៅពេលនេះ៕