(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អនុប្រធានគណៈកម្មការត្រួតពិនិត្យផលិតផលហាទ្បាលកម្ពុជា បានដឹកនាំប្រតិភូធ្វើទស្សនៈកិច្ចពិនិត្យចង្វាក់ផលិតកម្មផលិតផលហាឡាល នៅក្រុមហ៊ុន Angkor Dairy Products Co., Ltd និងក្រុមហ៊ុនលីលីហ៊្វូដ អ៉ិនដាសទ្រី ខូអិលធីឌី។
លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ទស្សនកិច្ចនេះគឺក្នុងគោលបំណងជំរុញលើកទឹកចិត្តដល់រោងចក្រសហគ្រាសដែលបានចុះបញ្ជីប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ស្តង់ដារផលិតផលហាឡាលកម្ពុជា ឲ្យអនុវត្តការផលិតកាន់តែប្រសើរ និងកាន់តែច្រើនឡើង ជួយជំរុញលើកទឹកចិត្តឲ្ហរោងចក្រសហគ្រាសដទៃទៀត ទទួលយកការប្រើប្រាស់ស្តង់ដារហាឡាល សំដៅការផ្គត់ផ្គង់ក្នុងទីផ្សារជាតិ និងអន្តរជាតិកាន់តែខ្លាំងឡើង។
បើតាមលោកទេសរដ្ឋមន្ដ្រី ផលិតផលហាឡាលមិនសំដៅសម្រាប់តែតម្រូវការចាំបាច់របស់អ្នកកាន់សាសនាឥស្លាមប៉ុណ្ណោះទេ ផលិតផលហាទ្បាល គឺមានទំហំធំធេងបើធៀបនឹងចំនួនប្រជាជនមុស្លិមលើសកលលោក ដែលមានអ្នកកាន់សាសនាឥស្លាមស្មើនឹង១ភាគ៣ឯណោះ។
សូមជម្រាបថា អង្គរ ឌែរី ប្រូដាក ជាក្រុមហ៊ុនផលិតទឹកដោះគោគ្រប់ប្រភេទដ៏ធំមួយនៅកម្ពុជា មានទីតាំងរោងចក្រផលិតស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរាជធានីភ្នំពេញ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ មានបុគ្គលិកជាង៥០០នាក់ ដែលទទួលបានការទទួលស្គាល់ជាផ្លូវការ ពីស្ថាប័នជាតិ និង អន្តរជាតិ ព្រមទាំងទទួលបានវិញ្ញាបនបត្របញ្ជាក់ស្តង់ដារផលិតផលហាឡាលកម្ពុជាផងដែរ។
ចំណែកក្រុមហ៊ុនលីលី ហ្វូដអុិនដាសទ្រី គឺជាក្រុមហ៊ុនមួយឈានមុខគេក្នុងការផលិតនំស្រួយបម្រើឲ្យទីផ្សារក្នុងស្រុក និងទីផ្សារសម្រាប់នាំចេញទៅកាន់ សហរដ្ឋអាមេរិក កាណាដា ជប៉ុន អូស្ត្រាលី នូស៊ីឡេន ម៉ាទ្បេសុី ថៃ វៀតណាម ឥណ្ឌូនេសុី កូរ៉េខាងត្បូង ចិន ថៃ ជាដើម។
ក្រុមហ៊ុនលីលីជាក្រុមហ៊ុនគំរូ ដែលទទួលបានពានរង្វាន់ជាច្រើនទាំងថ្នាក់ជាតិនិងអន្តរជាតិ ហើយក៏ទទួលបានការទទួលស្គាល់បញ្ជាក់ស្តង់ដារផលិតផលហាឡាលកម្ពុជាមុនគេបង្អស់នៅកម្ពុជាផងដែរ។
នៅក្នុងដំណើរទស្សនកិច្ចរបស់ទេសរដ្ឋមន្ត្រី កញ្ញា អុឹងឈីវ លី នាយកប្រតិបត្តិក្រុមហ៊ុនលីលីបានថ្លែងថា កញ្ញាបានសង្កេតឃើញថាការអនុវត្តស្តង់ដាហាឡាល និងទទួលបានវិញ្ញាបនបត្រហាឡាល គឺធ្វើឲ្យអតិថិជនទាំងថ្នាក់ជាតិ និងអន្តរជាតិ មានការគាំទ្រកាន់តែច្រើនឡើង ជាពិសេសបងប្អូនជនជាតិអ៉ីស្លាម។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមឯកទេសផលិតផលហាឡាលកម្ពុជា សហការជាមួយក្រសួងពាណិជ្ជកម្ម បានចុះត្រួតពិនិត្យវាយតម្លៃលក្ខខណ្ឌបច្ចេកទេសស្តង់ដារផលិតផលហាទ្បាលកម្ពុជា និងសម្រេចបានចេញវិញ្ញាបនបត្រសរុបចំនួន ១៧៣ក្នុងនោះរួមមាន អាហារដ្ឋាន/ភោជនីយដ្ឋាន ចំនួន២៩, ក្រុមហ៊ុន/សិប្បកម្ម/រោងចក្រ ចំនួន ៨៤, សត្តឃាតដ្ឋានសំឡេះមាន់ ចំនួន១ និងមុខទំនិញសរុប ៦៩៣មុខ៕