(ភ្នំពេញ)៖ លោក បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ការរៀនតាមផ្ទះ ធ្វើឱ្យចំណេះដឹងសិស្សធ្លាក់ចុះ និងប្រឈមការបោះបង់សាលា ដោយសារតែមានការរីករាលដាលនៃជំងឺកូវីដ១៩។
លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានលើកឡើងបែបនេះនៅក្នុងវេទិកាស្ដីពី «ការដាក់ចេញគោលនយោបាយផ្អែកលើភស្តុតាង» នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ដោយលោកបានបញ្ជាក់យ៉ាងដូច្នេះថា «ការសិក្សានៅតាមផ្ទះ វាមិនដូចជាការសិក្សានៅតាមសាលារៀនទ ដោយមានការរំខានផ្សេងៗ ពីខាងក្រៅផងដែរ។ កត្តាទាំងនេះ នឹងធ្វើឱ្យចំណេះដឹងរបស់សិស្ស នឹងធ្លាក់ចុះ ហើយសិស្សមួយចំនួនទៀត ក៏នឹងប្រឈមហានិភ័យបោះបង់ការសិក្សាផងដែរ»។
លោកបានចាត់ទុកថា នេះជាបញ្ហាប្រឈមនៃប្រព័ន្ធអប់រំដែលរងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ដែលទាមទារឱ្យមាន ការរួមកម្លាំងគ្នា ដោះស្រាយបញ្ហានេះ ដោយកូវីដទាំងអស់គ្នា។ «ការបង្រៀន និងរៀនតាមបែបចម្រុះ នៅតែជាអាទិភាពទោះបីកូវីដចប់ ឬមិនចប់ក៏ដោយ» ។ នេះជាការបញ្ជាក់បន្ថែមរបស់ លោករដ្ឋមន្រ្តី។
ចាប់តាំងពីមានការឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍កម្ពុជា នាថ្ងៃ២០ កុម្ភៈ ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចបិទដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ជាបណ្ដោះអាសន្នទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយតម្រូវឱ្យ គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបន្ដដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិច។
ដើម្បីបើកដំណើរការសាលារៀនឡើងវិញនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្រ្តចាក់វ៉ាក់សាំងសម្រាប់កុមារ និងមនុស្សពេញវ័យជាបន្តបន្ទាប់ ហើយតម្រូវឱ្យប្រកាន់ខ្ជាប់នូវវិធានការបីកុំបីការពារ។ ដោយបារម្ភខ្លាចប៉ះពាល់ដល់វិស័យអប់រំ រាជរដ្ឋាភិបាល បានសម្រេចបើកដំណើរការសាលារៀនចាប់ពីថ្នាក់អនុវិទ្យាល័យឡើងទៅឡើងវិញ ខណៈដែលថ្នាក់មហាវិទ្យាល័យដែលភាគច្រើនរៀនតាមអនឡាញ កំពុងត្រៀមបើកដំណើរការប្រកតីឆាប់ៗនេះ។
បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា ការបើកដំណើរការឡើងវិញនៃគ្រឹះស្ថានសិក្សានេះ មិនមែនបើកទាំងប្រថុយប្រថាននោះទេ គឺបើកដំណើរការប្រកបដោយសុវត្ថិភាព ដោយអនុវត្តតាមស្តង់ដា SOP តាមការណែនាំរបស់ក្រសួងសុខាភិបាល សាលាត្រូវធានាបាននូវសុវត្ថិភាព អនាម័យ រៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ សមស្រប ពិសេសធានានូវគម្លាតសុវត្ថិភាព ជៀសវាសកុំឱ្យសិស្សជួបជុំគ្នា ដោយមានការត្រួតពិនិត្យត្រឹមត្រូវ ដើម្បីជៀសវាងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
បន្ថែមពីនេះទៀត តាមរយៈសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានចែងថា សាលារៀន ត្រូវរៀបចំបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុកភាព និងមេត្រីភាព កៅអីអង្គុយសម្រាប់សិស្សានុសិស្ស ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់២ម៉ែត្រ និងរៀបចំចំណុះថ្នាក់ ដោយកំណត់សិស្សមិនឱ្យលើសពី១៥ ទៅ២០នាក់ក្នុងមួយថ្នាក់ កាត់បន្ថយការប្រមូលផ្ដុំជាដើម៕