(ភ្នំពេញ)៖ ខណៈអាជីវកម្មសេវាកម្មជាច្រើន ក្នុងវិស័យទេសចរណ៍ ត្រូវផ្អាកដោយសារតែវិបត្តិជំងឺកូវីដ-១៩នោះ សេវាកម្មម៉ាស្សាក៏ត្រូវផ្អាកផងដែរ ដែលជាហេតុបង្កឱ្យមានផលប៉ះពាល់ដល់ជីវភាពរបស់ជនមានពិការភាពភាគច្រើន ពិសេសអ្នកដែលប្រកបមុខរបរម៉ាស្សា ចាប់សរសៃ ក៏ដូចជាការងារផ្នែកសុខមាលភាពផ្សេងទៀត ដ្បិតពួកគាត់ធ្លាប់តែពឹងផ្អែកលើមុខរបរទាំងនេះ សម្រាប់ចិញ្ចឹមជីវិត។
អាត្មាមានពិការភាព មុខរបរការងារក៏ត្រូវផ្អាក មិនអាចទៅធ្វើអ្វីផ្សេងបាន លោក ម៉ែន សែនចំរ៉ុង តំណាងសមាគមម៉ាស្សាដៃទេព បានស្នើយ៉ាងទទូចដល់រាជរដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍ គឺសូមឱ្យជួយរៀបចំវិធានការ ឬស្ដង់ដាយ៉ាងណា ដើម្បីឱ្យអាជីវកម្មសេវាកម្មសុខមាលភាពនេះបានបើកដំណើរការឡើងវិញ សំដៅធ្វើឱ្យយ៉ាងណាឱ្យជនមានពិការភាពទាំងឡាយមានការងារធ្វើឡើងវិញ គ្រាន់នឹងដោះស្រាយជីវភាពប្រចាំថ្ងៃតទៅទៀត។
លោក ម៉ែន សែនចំរ៉ុង លើកសំណើ និងបញ្ហាប្រឈមជាក់ស្ដែងយ៉ាងដូច្នេះ ក្នុងឱកាសដែលកម្ពុជាចូលរួមរៀបចំប្រារព្ធទិវាទេសចរណ៍ពិភពលោកខួបលើកទី៤១ ឆ្នាំ២០២១ នៅទីស្ដីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា។
រាងកាយមាំមួន តែភ្នែកងងឹត លោក សែនចំរ៉ុង ពឹងអ្នកសប្បុរសជួយទប់ដើម្បីឡើងទៅកាន់វេទិកា ដើម្បីសម្ដែងនូវមតិរួមក្នុងនាមតំណាងជនមានពិការភាពទាំងឡាយ។ ជាមួយសម្ដីសមសួនប្រកបដោយការគោរព លោក ម៉ែន សែនចំរ៉ុង បានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ចំពោះពួកគាត់ជាជនមានពិការភាព តាមរយៈការផ្ដល់នូវការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ ពេញលេញទៅតាមការកំណត់របស់ក្រសួងសុខាភិបាល ប៉ុន្តែពួកគាត់នៅតែរងនូវបញ្ហាប្រឈមចំពោះជីវភាព ដោយសារតែត្រូវផ្អាកមុខរបរការងារនាអំលុងពេលវិបត្តិជំងឺកូវីដនេះ។
លោកបានថ្លែងយ៉ាងដូច្នេះថា «នៅអំលុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតពាសពេញសកលលោក ពិសេសគឺប្រទេសកម្ពុជាយើង ធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យពិការភាព ពិសេសគឺជនពិការភ្នែកដែលប្រកបមុខរបរម៉ាស្សា ក៏ដូចជាផ្នែកសុខមាលភាពជាដើម ហើយធ្វើឱ្យអាជីវកម្មរបស់យើងខ្ញុំ ត្រូវបិទជារឿយៗរហូតដល់បច្ចុប្បន្ន»។
លោក ចំរ៉ុង បានបន្តថា ជនមានពិការភាពមួយចំនួនធំត្រូវបានបាត់បង់ឱកាសការងារទាំងស្រុង ដោយសារមុខរបរចាប់សរសៃ-ម៉ាស្សាជាដើមនេះ គឺជាការងារដែលប៉ះពាល់ផ្ទាល់ជាមួយអតិថិជន។ ទោះបីថាមានការចាក់វ៉ាក់សាំងបាន១០០%ហើយក៏ដោយ ក៏អតិថិជនមិនហ៊ានមកទទួលសេវាកម្មពីពួកគាត់ឡើយ។
លោកបានបង្ហាញការត្អូញត្អែរថា ដោយសារបញ្ហាទាំងអស់នេះ ទើបបង្កឱ្យជីវភាពគ្រួសាររបស់ជនពិការភាគច្រើនជួបនូវការធ្លាក់ចុះយ៉ាងខ្លាំង។
ឆ្លើយតបនឹងសំណូមពររបស់លោក ម៉ែន សែនចំរ៉ុង លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាឱ្យមន្ត្រីជំនាញរៀបចំនីតិវិធីស្ដង់ដា SOP សម្រាប់សេវាកម្មម៉ាស្សានេះបន្ថែមមួយទៀត។ លោកថា ជំនាញមួយ ត្រូវមាន SOP មួយ។ ធ្វើដូច្នេះ គឺដើម្បីដាក់ជូនរដ្ឋបាលរាជធានី-ខេត្ត ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច មានស្ដង់ដាជាក់លាក់ក្នុងការអនុញ្ញាតឱ្យអាជីវកម្មទាំងនោះបើកដំណើរការឡើងវិញបាន។
លោក ថោង ខុន បានណែនាំបន្តថា ការងាររៀបចំបើកដំណើរការអាជីវកម្មសេវាកម្មម៉ាស្សាឡើងវិញនេះ ត្រូវធ្វើជាជំហានៗប្រកបដោយការប្រុងប្រយ័ត្ន ដើម្បីឱ្យការបើកដំណើរអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងប្រទេសប្រព្រឹត្តទៅប្រកបដោយរលូន សុវត្ថិភាព និងមានស្ថិរភាព។
លោកបានថ្លែងថា «មូលដ្ឋានអាជីវកម្មម៉ាស្សា គឺជាទីតាំងមួយនៅក្នុងកន្លែងបិទជិត ដែលផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាល ដែលមិនឱ្យមនុស្សទៅកន្លែងបិទជិត ប៉ុន្តែយើងអាចផ្លាស់ទីកន្លែងបម្រើសេវាកម្មម៉ាស្សាពីក្នុងបន្ទប់ដែលធ្លាប់តែបិទជិត ទៅកន្លែងសមរម្យណាមួយដែលមិនបិទជិតបានដែរ»។
លោកបន្តទៀតថា «អ្នកបម្រើការត្រូវបំពាក់នូវឧបករណ៍វាស់កម្ដៅ ទឹកអាល់កុល ត្រូវមានកាតចាក់វ៉ាក់សាំង ទាំងអ្នកម៉ាស្សា និងភ្ញៀវដែលមកម៉ាស្សា»។
លោកក៏បានលើកទឹកចិត្តឱ្យមូលដ្ឋាអាជីវកម្មសេវាកម្មម៉ាស្សានីមួយៗត្រូវស្នើសុំទៅកាន់រដ្ឋបាលរាជធានី-ខេត្តជាមុនសិន ក្នុងនោះមន្ត្រីជំនាញទេសចរណ៍ក៏ត្រូវជួយធ្វើការ ជួយចុះពិនិត្យ ជួយរៀបចំឱ្យបានត្រឹមត្រូវ ដើម្បីឱ្យអាជីវកម្មនេះដំណើរការបានផង និងបង្ការការពារការឆ្លងរីករាលដាលជំងឺកូវីដបានផង។
លោករដ្ឋមន្ត្រី ថោង ខុន ក៏បានរំឭកអំពីប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរថា «មូលដ្ឋានអាជីវកម្មទេសចរណ៍អាចបើកឡើងវិញបាន តែត្រូវគោរពតាមយន្តការប្រក្រតីភាពថ្មី ឬ New Normal»។
ជាក្ដីរំពឹងរបស់លោក ចំរ៉ុង នៅពេលវិស័យទេសចរណ៍ត្រូវបានបើកដំណើរការល្អឡើងវិញ ហើយនៅពេលភ្ញៀវទេសចរមកទស្សនកិច្ចនៅប្រទេសកម្ពុជាកាន់តែច្រើនផងនោះ សង្ឃឹមថារាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធជួយរៀបចំឱ្យអាជីវកម្មរបស់ពួកគាត់បើកដំណើរការល្អឡើងវិញដែរ។
លោក ម៉ែន សែនចំរ៉ុង ក៏ដូចជាជនមានពិការភាពទាំងឡាយបានសំណូមពរដោយទទួចដល់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា មេត្តាចូលរួមសហការជាមួយរាជរដ្ឋាភិបាល និងធ្វើតាមការណែនាំនៃវិធានសុខាភិបាល ពិសេសវិធានការ «៣-ការពារ ៣-កុំ» និង «២-ចូលរួម» ដើម្បីកាត់ផ្ដាច់ការឆ្លងរីករាលដាលជំងឺកូវីដឱ្យខាងតែបាន។
សារចុងក្រោយរបស់លោក សែនចំរ៉ុង គឺថា «ប្រសិនពុំមានការចូលរួមពីបងប្អូនទាំងអស់គ្នាទេ យើងខ្ញុំជាជនពិការនឹងកាន់តែមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺដ៏កាចសាហាវនេះ ឬអាចឈានដល់ការបាត់បង់អាយុជីវិតផងដែរ»៕