(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី២៥ និង២៦ កញ្ញា ២០២១ បានរៀបចំកម្មវិធីបរិច្ចាគឈាម សង្គ្រោះជីវិត ក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដែលមានការស្ម័គ្រចិត្តចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិក និងសាធារណជនជាច្រើន ដើម្បីឆ្លើយតបនឹងបញ្ហាកង្វះឈាម ក្នុងបរិបទជំងឺកូវីដ-១៩។
លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ស្ថិតក្នុងកាលៈទេសៈមួយនេះ តម្រូវការឈាមមានការកើនឡើងគួរឲ្យកត់សម្គាល់ ដូចនេះ ខ្មែរ ប៊ែវើរីជីស ត្រូវតែស្ទុះស្ទារៀបចំ និងលើកទឹកចិត្តដល់បុគ្គលិក និងសាធារណជនចូលរួមក្នុងបេសកកម្មបរិច្ចាគឈាមនេះឡើង ដើម្បីផ្ដល់ឱកាស និងក្ដីសង្ឃឹមដល់អ្នកដែលត្រូវការឈាមជាចាំបាច់»។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានថ្លែងថា៖ «ខ្ញុំពិតជាត្រេកអរជាខ្លាំងក្រោយមានការសហការជាមួយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងការរៀបចំកម្មវិធីនេះឡើង»។ ព្រោះអំឡុងពេលការរាតត្បាតនៃជំងឺកូវីដ-១៩ ការបរិច្ចាគឈាមពីសាធារណៈជននានា មានការថយចុះជាខ្លាំង៕