(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ តាមប្រព័ន្ធអនឡាញ (ZOOM) ដើម្បីធ្វើការ ប្រគល់-ទទួល អណ្តូងស្នប់អាហ្រ្វីដេវចំនួន១ ៥០០ អណ្ដូង នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តបន្ទាយមានជ័យ ជាជំនួយឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋឥណ្ឌា នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។

ពិធីប្រគល់-ទទួលនេះ មានការអញ្ជើញចូលរួម ពីលោកបណ្ឌិត Rajkumar Rajan Singh រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌា លោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំ នៅប្រទេសកម្ពុជា លោកស្រី Debashree Mukherjee ប្រធានក្រុមហ៊ុន WAPCOS និងសហការី និងលោក លោកស្រីជាប្រធាន អនុប្រធាននាយកដ្ឋាន ព្រមទាំង លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ខេត្តត្បូងឃ្មុំ។

តាមរបាយការណ៍របស់លោកបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា គម្រោងផ្គត់ផ្គង់អណ្ដូងស្នប់តាមជនបទ ដែលគ្រប់គ្រង និងសម្របសម្រួលដោយក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ចប់ការសាងសង់អណ្ដូងស្នប់រួចរាល់ នៅក្នុងខេត្តត្បូងឃ្មុំចនួន ១ ១៩០ អណ្ដូង ក្នុងនោះស្រុកមេមត់ទទួលបាន ៦៨៩ អណ្ដូង ស្រុកក្រូចឆ្មារទទួលបាន ៤៦ អណ្ដូង និងស្រុកត្បូងឃ្មុំទទួលបាន ៤៥៥ អណ្ដូង។

ចំណែកខេត្តបន្ទាយមានជ័យ មាន៣១០ អណ្ដូង ក្នុងនោះ ស្រុកភ្នំស្រុកទទួលបាន ៤៦ អណ្ដូង ស្រុកសិរីសោភណ្ឌទទួលបាន ១០០ អណ្ដូង ស្រុកព្រះនេត្រព្រះ ទទួលបាន ៤៣ អណ្ដូង ស្រុកមង្គលបុរីទទួលបាន ២៦ អណ្ដូង ស្រុកម៉ាឡៃទទួលបាន ៦០ អណ្ដូង ក្រុងប៉ោយប៉ែតទទួលបាន ១៧ អណ្ដូង ស្រុកស្វាយចេកទទួលបាន ១៧ អណ្ដូង និងស្រុកអូរជ្រៅទទួលបាន ០១ អណ្ដូង។

លោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានសម្ដែងការអបអរសាទរចំពោះសមិទ្ធផលថ្មី ក្នុងកិច្ចខិតខំប្រឹងប្រែង របស់មន្រ្ដីអនុវត្តគម្រោង និងបានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អរវាងឥណ្ឌា និងកម្ពុជាដែលបាននឹងកំពុងអនុវត្តគម្រោងនានាជាច្រើន ក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋកម្ពុជា ហើយសមិទ្ធផលទាំងនេះ ជាចំណងមិត្តភាពនៃប្រទេសទាំងពីរផងដែរ។ ជាមួយនេះ រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា នៅតែបន្តគាំទ្រជួយដល់កម្ពុជាតាមវិស័យ ជាពិសេសប្រជាពលរដ្ឋនៅជនបទផ្នែកទឹកស្អាត។

បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានបន្ដថា រយៈពេលនៃការអនុវត្តយុទ្ធសាស្រ្ដចតុកោណ ៣ ដំណាក់កាល របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់លើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច វិស័យសង្គមកិច្ច និងវប្បធម៌ ដែលបានប្រែក្លាយ ពីប្រទេសដែលមានចំណូលទាប មកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងបាននឹងបន្តអនុវត្តយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤ ដើម្បីវឌ្ឍនៈភាព។

បណ្ឌិតសភាចារ្យ បានបន្តថា «រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ទស្សនវិស័យ នៅក្នុងគោលនយោបាយជាតិ ស្ដីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថា នៅឆ្នាំ ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានសេវាផ្តត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យស្អាត ប្រកបដោយនិរន្តរភាព»។

ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តនូវផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹក អនាម័យជនបទ ជំហានទី២ ឆ្នាំ ២០១៩-២០២៣ ដោយកំណត់យក នូវគោលដៅអត្រាគ្របដណ្តប់ ៩០% នៃការទទួលបានសេវាទឹកស្អាត និងអនាម័យជនបទ ដើម្បីឈានទៅសម្រេចនូវទស្សនៈនេះ។ ជាមួយនេះ ក្រសួងបានកំណត់យក ខេត្តចំនួន៥ គឺខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកែប ខេត្តព្រៃវែង និងខេត្តស្វាយរៀង ជាខេត្តនាំមុខឲ្យក្លាយជាខេត្ត ដែលបឈ្ឈប់ការបន្ទោបង់ ពាសវាលពាសកាល នៅឆ្នាំ ២០២៣។

បណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី បានបន្ដទៀតថា យោងតាមរបាយការណ៍របស់អង្គការ WaterAid កម្ពុជាត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលមានចំណាត់ថ្នាក់លេខ ២ ដែលមានកំណើនអត្រាអនាម័យខ្ពស់ ប្រៀបធៀបជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងបានសម្តែងនូវការអបអរសាទរ ជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំ និងខេត្តបន្ទាយមានជ័យ ដែលទទួលបានអណ្តូងស្នប់ Afridev ចំនួន ១៥០០ អណ្តូង ដែលសមិទ្ធផលថ្មី និងជាសេចក្តីប្រាថ្នារបស់ ប្រជាជនជាយូរណាស់មកហើយ ព្រមទាំងបានថ្លែងអណរគុណដល់រដ្ឋាភិបាល ក៏ដូចជាប្រជាជនឥណ្ឌាដែលបានជួយដល់កម្ពុជា និងបានស្នើសុំការគាំទ្របន្ថែមទៀត ពីរដ្ឋាភិបាលឥណ្ឌាលើវិស័យអភិវឌ្ឍន៍ជនបទ ជាពិសេសវិស័យផ្គត់ទឹក និងអនាម័យជនបទ ដើម្បីឈានទៅសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា នៅឆ្នាំ២០៣០៕