(ភ្នំពេញ)៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់របស់ក្រុមហ៊ុនចិន ចំនួនប្រមាណ ៣លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជានោះ នឹងដឹកមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១ស្អែកនេះ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្លាប់បានគូសបញ្ជាក់ថា បូករួមទាំងវ៉ាក់សាំងដែលដឹកមកដល់នៅថ្ងៃស្អែកនេះ នាំឱ្យកម្ពុជាទទួលបានវ៉ាក់សាំងសរុប ៣៥.៥លានដូស។ លោកស្រីបានឱ្យដឹងផងដែរថា វ៉ាក់សាំងដែលកម្ពុជា បានបញ្ជាទិញ និងដឹកមកដល់ថ្ងៃស្អែកនេះ គឺសម្រាប់បម្រើដល់ការចាក់ជូនកុមារអាយុ ៦ឆ្នាំ ទៅ១២ឆ្នាំ។
ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺមានសារៈសំខាន់ណាស់ក្នុងការជួយឱ្យប្រជាពលរដ្ឋមានអង្គបដិបក្ខរឹងមាំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កាត់បន្ថយអត្រាស្លាប់ដោយសារឥទ្ធិពលមេរោគ ហើយក៏ជួយកាត់បន្ថយការរីករាលដាលជំងឺផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាយុទ្ធសាស្ត្រលើសមរភូមិសង្គ្រាមជាមួយនឹងសត្រូវឥតស្រមោលកូវីដ១៩នេះ។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំងទាំងការស្វែងរកវ៉ាក់សាំង និងការកសាងផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ ដោយមានប្រទេសចិនជាបង្អែកលើការផ្គត់ផ្គង់វ៉ាក់សាំងនេះ ធ្វើឱ្យកម្ពុជារកបានវ៉ាក់សាំងបានឆាប់រហ័សតាមការចង់បានរបស់កម្ពុជា។ ជាមួយនឹងវត្តមានវ៉ាក់សាំងទាំងនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញបទបញ្ជាដាច់ណាត់ មិនត្រូវឱ្យវ៉ាក់សាំងដេកនៅក្នុងឃ្លាំងនៅឡើយ គឺត្រូវតែបានចូលទៅក្នុងខ្លួនរបស់ប្រជាពលរដ្ឋ។
បទបញ្ជាដាច់ណាត់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យល្បឿននៃការចាក់វ៉ាក់សាំងរបស់កម្ពុជា មានភាពលឿនលយគួរឱ្យកត់សម្គាល់។ គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុ ៦ឆ្នាំឡើងទៅ បានចំនួនសរុប ១៣.១លាននាក់ ស្មើនឹងជាង ៨២ភាគរយ នៃចំនួនប្រជាពលរដ្ឋកម្ពុជាសរុប ១៦លាននាក់។
លទ្ធផលដែលកម្ពុជាសម្រេចបានលើការងារចាក់វ៉ាក់សាំងនេះ បានធ្វើឱ្យកម្ពុជាអាចគ្រប់គ្រងស្ថានភាពនៃការរីករាលដាលមេរោគកូវីដ១៩នៅក្នុងប្រទេស ជាពិសេសជួយកាត់បន្ថយនូវអត្រាទទួលមរណភាព របស់ប្រជាពលរដ្ឋពីឥទ្ធិពលជំងឺកូវីដ១៩។
លទ្ធផលដែលកម្ពុជាសម្រេចបានទាំងលើការចាក់វ៉ាក់សាំង និងការគ្រប់គ្រងជំងឺកូវីដ១៩ បាននាំឱ្យកិត្តិនាមរបស់កម្ពុជាសាយភាយទៅក្នុងតំបន់ និងលើពិភពលោក ហើយទទួលបានការកោតសរសើរពីអង្គការសុខភាពពិភពលោក ប្រទេសជាមិត្ត និងអង្គការដៃគូអភិវឌ្ឍអន្តរជាតិនានាផងដែរ។
មានកត្តាច្រើនដែលនាំកម្ពុជាសម្រេចលើផែនការចាក់វ៉ាក់សាំង។ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាអគ្គមេបញ្ជាការកំពូលក្នុងសមរភូមិសង្គ្រាម កូវីដ១៩នេះ នៅតែជាគន្លឹះដ៏សំខាន់ក្នុងការសម្រេចលើផែនការចាក់វ៉ាក់សាំង ព្រោះប្រមុខដឹកនាំប្រទេសរូបនេះ ជាអ្នកសម្រេចដាក់ចេញផែនការ និងយុទ្ធសាស្ត្រនានា។ បើមេដឹកនាំរូបនេះ សម្រេចចិត្តខុស ឬយឺតយ៉ាវ ច្បាស់ណាស់មិនអាចធ្វើឱ្យផែនការចាក់វ៉ាក់សាំងបានសម្រេចក្នុងលទ្ធផលដ៏ល្អប្រសើរបែបនេះឡើយ។
ការណ៍នេះ បាននាំឱ្យប្រជាពលរដ្ឋខ្មែរកោតស្ញប់ស្ញែង និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកិច្ចប្រឹងប្រែង និងការតម្កល់ខ្ពស់នៃតម្លៃជីវិតរបស់ប្រជាពលរដ្ឋ ពីសំណាក់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕