(សៀមរាប)៖ គិតចាប់ពីក្រុងសៀមរាបប្រកាសដាក់ជាតំបន់ក្រហមមក រដ្ឋបាលខេត្តសៀមរាប បានផ្ដល់អំណោយជាស្បៀងអាហារដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ហើយរយៈពេល៣ថ្ងៃចុងក្រោយនេះ បានបន្តចែកជូនពលរដ្ឋជិត ៣ពាន់គ្រួសារហើយ។

របាយការណ៍របស់រដ្ឋបាលខេត្ត បានឱ្យដឹងថា គិតមកត្រឹមនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងយុទ្ធនាការផ្គត់ផ្គង់ស្បៀងអាហារដល់ប្រជាពលរដ្ឋ ស្ថិតនៅភូមិ សង្កាត់ កំណត់ជាតំបន់ក្រហម ដើមី្បទប់ស្កាត់ និងកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ១៩ បានផ្តល់ជូនបានមាន ចំនួនសរុប ២,៦៧៨គ្រួសារហើយ។

លោក ស៊ុន ចំណាន ក្រុមការងាររៀបចំផ្គត់ផ្គង់ស្បៀងអាហារ បានឲ្យដឹងថា យុទ្ធនាការផ្គត់ផ្គង់ស្បៀងអាហារ ជូនដល់ប្រជាពលរដ្ឋជួបការខ្វះខាតតាមភូមិ សង្កាត់ ដែលបានបិទខ្ទប់ និងកំណត់ជាតំបន់ក្រហមនេះ ត្រូវបានធ្វើឡើងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងមានកិច្ចសហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត និងការចូលរួមរបស់សហភាពសហព័ន្ធយុវជនកម្ពុជា និងមន្ត្រីរាជការសាលាខេត្ត ព្រមទាំងសមាគមម៉ូតូកង់បី ដែលបានស្ម័គ្រចិត្ត ក្នុងការដឹកជញ្ជូនស្បៀងយកទៅចែកជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅក្នុងភូមិសាស្ត្រតំបន់ក្រហម។

លោកបានបញ្ជាក់ថា ក្នុងការដឹកជញ្ជូនស្បៀងនេះ រដ្ឋបាលខេត្តបានផ្គត់ផ្គង់ប្រេងដល់អ្នករត់ម៉ូតូកង់បីតែប៉ុណ្ណោះ ហើយក្នុងរយៈពេល១សប្តាហ៍ត្រូវធ្វើតេស្តជូនម្ដង ដើមី្បជៀសវាងកុំឲ្យនាំកូវីដចូលក្រុមគ្រួសារ។

លោក ស៊ុន ចំណាន បានបន្តទៀតថា អំណោយជាគ្រឿងឧបភោគបរិភោគទាំងនេះ ដោយមានការឧបត្ថម្ភពីរដ្ឋបាលខេត្ត និងសប្បុរសជន រួមទាំងសាខាកាកបាទក្រហមខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តផងដែរ។

លោក គុជ លីណា អនុប្រធានសាខាកាកបាទក្រហមខេត្តសៀមរាប បានបញ្ជាក់ថា រដ្ឋបាលខេត្តបានសម្រេចបិទខ្ទប់និងកំណត់តំបន់ក្រហម និងលឿងទុំ នៅតំបន់មួយចំនួនក្នុងក្រុងសៀមរាប និង ភូមិឃុំតាមបណ្តាស្រុកមួយចំនួននេះ ក្នុងគោលបំណងកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅតាមសហគមន៍។

លោក គុជ លីណា បន្តថា ដើម្បីដោះស្រាយការខ្វះខាតរបស់ប្រជាពលរដ្ឋ ទើបរដ្ឋបាលខេត្ត បញ្ចេញស្បៀងអាហារ ដែលទទួលបានពីសប្បុរសជនក្នុង និងក្រៅខេត្ត ផ្គត់ផ្គង់ជូនពលរដ្ឋជួបការខ្វះខាត។ លោកឱ្យដឹងដែរថា រយៈពេល ២សប្តាហ៍នេះ ក្រុមការងារបានចែកជូនគ្រួសារជួបការខ្វះខាត ដោយមិនប្រកាន់និន្នាការនយោបាយអ្វីនោះឡើយ គឺត្រូវធ្វើការផ្តល់ជូននៅតាមខ្នងផ្ទះផ្ទាល់ ក្នុងការកាត់បន្ថយការជួបជុំ ប្រមូលផ្តុំទៀតផង។

លោក គុជ លីណា បានបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃមកនេះ ក្រុមការងារបានចែលជូនប្រជាពលរដ្ឋខ្វះខាតក្នុងតំបន់ក្រហម បានចំនួន ២,៦៧៨គ្រួសារ ព្រមទាំងបានសង្កត់ធ្ងន់ចំពោះក្រុមការងារចុះចែកអំណោយ នៅតាមភូមិ សង្កាត់គោលដៅទាំងអស់ ក្នុងការចុះចែកតាមខ្នងផ្ទះ មិនត្រូវពឹងផ្អែកអាជ្ញាធរភូមិសង្កាត់ទាំងស្រុងនោះឡើយ គឺធ្វើទៅតាមភាពជាក់ស្តែង ដោយមិនប្រកាន់បក្ខពួក គ្រួសារនិយមនោះឡើយ ដើមី្បជៀសវាងនូវបាតុភាពមិនល្អនៅពេលក្រោយ៕