(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានស្នើឱ្យគ្រប់មន្ទីរ ស្ថាប័ន អង្គភាពអាជ្ញាធរពាក់ព័ន្ធ បង្កើនការពិនិត្យមើល និងកាទទួលខុសត្រូវ ពាក់ព័ន្ធការរំលោភបំពានលើករណីផ្សេងៗ ពីសំណាក់ជនឱកាសនិយម ឱ្យមានប្រសិទ្ធភាពបន្ថែមទៀត។

ការស្នើបែបនេះ របស់លោក ជាវ តាយ បានធ្វើទ្បើងក្នុងឱកាសលោកដឹកនាំក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត លើកទី៣៦ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការចូលរួមពីសំណាក់ជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពាក់ព័ន្ធ ជាច្រើនរូប។

លោក ជាវ តាយ បានថ្លែងថា បញ្ហាបទល្មើសទន្ទ្រានកាន់កាប់ដីរដ្ឋ ដីសាធារណៈរបស់រដ្ឋ តែងកើតមានឡើងជាបន្តបន្ទាប់ នៅក្នុងមូលដ្ឋានក្រុង ស្រុកជួនកាលអាជ្ញាធរមូលដ្ឋាន មិនបានដឹងឬចាប់អារម្មណ៍អ្វីឡើយ ខណៈដែលរដ្ឋបាលខេត្ត តែងតែខិតខំយកចិត្តទុកដាក់ ជំរុញការអនុវត្តវិធានការច្បាប់ចំពោះបទល្មើសទប់ស្កាត់ និងការបង្ក្រាបឱ្យមានប្រសិទ្ធភាពដែលកើតមានឡើងកន្លងមកនេះ។

លោក ជាវ តាយ បានបន្តថា សភាពការណ៍ថ្មីៗកន្លងមកនេះ នៅក្នុងភូមិសាស្ត្រខេត្តកំពត រដ្ឋបាលខេត្តបានពិនិត្យឃើញ ថាបទល្មើស អំពីការចាក់ដីរំលោភយកកាន់កាប់ ដីសាធារណៈរបស់រដ្ឋ ដីរបស់រដ្ឋ ធ្វើជាកម្មសិទ្ធឯកជន តែងកើតមាន ជាបន្តបន្ទាប់ ហើយការរំលោភនោះ ភាគច្រើនកើតមាននៅក្នុងស្រុកទឹកឈូ ដែលជាស្រុក មានវិសាលភាពធំ សំបូរទៅដោយភ្នំ ព្រែក ប្រឡាយជាដើម។

លោកបានបញ្ជាក់ថា ចំពោះបញ្ហាការរំលោភនេះ គឺដោយសារការខ្វះចន្លោះ មិនមានវិធានការទប់ស្កាត់ អនុវត្តផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ទាន់ពេលវេលា ពីអាជ្ញាធរក្រុង ស្រុក ដែលធ្វើឱ្យ បុគ្គលល្មើសមិនយល់ពីច្បាប់ ហើយក៏មានឱកាសរំលោភបន្តបន្ទាប់ ដោយមិនខ្លាចក្រែងរអែង ពីស្ថាប័ន អង្គភាព ឬអាជ្ញាធរឡើយ។

នៅក្នុងឱកាសនោះដែរ លោក ជាវ តាយ ក៏បានស្នើនិងជំរុញឱ្យគ្រប់អាជ្ញាធរ ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្តបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ ចំណែកឯការលើកឡើងរបស់លោកនាពេលនេះ គឺមិនមែនជាការបន្ទោស ឬចោទប្រកាន់ដល់អាជ្ញាធរ ក៏ដូចជាស្ថាប័នជំនាញណាមួយនោះទេ ប៉ុន្តែ អ្វីដែលជាការខ្វះចន្លោះ ត្រូវធ្វើជាបទពិសោធន៍ ដែលក្រុងស្រុកនីមួយៗ ត្រូវបង្កើនការយកចិត្តទុកដាក់អនុវត្តវិធានការច្បាប់ អំពីសកម្មភាពនៃការចាក់រំលោភ កាន់កាប់ដីសាធារណៈរបស់រដ្ឋ និងដីកម្មសិទ្ធិរដ្ឋធ្វើជាកម្មសិទ្ធិឯកជន ដែលយើងជាអាជ្ញាធរ ត្រូវតែយកចិត្តទុកដាក់ មានវិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា។

ទន្ទឹមនេះផងដែរ លោកអភិបាលខេត្ត ក៏បានស្នើឱ្យរដ្ឋបាលក្រុង ស្រុកទាំងអស់ ពិនិត្យមើលឡើងវិញនូវអំណាចគ្រប់គ្រងរបស់រដ្ឋបាលនីមួយៗ ព្រោះថាគណៈបញ្ជាការឯកភាពរដ្ឋបាលមានគ្រប់ថ្នាក់ ទាំងថ្នាក់ខេត្ត ក្រុង ស្រុក ទទួលខុសត្រូវ ចំពោះមុខច្បាប់ ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាល និងក្នុងនាមជាអ្នកទទួលខុសត្រូវចំពោះប្រជាពលរដ្ឋផង។

លោកក៏បានសង្កត់ធ្ងន់ថា រូបលោក ក្នុងនាមជាអភិបាលខេត្ត តាំងពីចូលកាន់តំណែងមក មិនដែលយកដីរបស់រដ្ឋ ឬបុគ្គលណាម្នាក់ឡើយ ហើយក៏មិនដែលការពារ មន្ត្រីខុសច្បាប់ដែរ បញ្ហានេះ បើច្បាប់ពិនិត្យឃើញថាមន្ត្រីណាក៏ដោយ ដែលមានការពាក់ព័ន្ធបទល្មើសរំលោភនានាមែននោះ រដ្ឋបាលខេត្តត្រូវធ្វើឯកសារទៅក្រសួងមហាផ្ទៃដើម្បីភ្ជួរមុខងារមួយរយៈ ហើយនៅពេលពិនិត្យឃើញថាការដោះស្រាយបានបញ្ចប់នោះនឹងអាចវិលចូលធ្វើការវិញបាន។

ឆ្លៀតឱកាសនោះ លោក ជាវ តាយ ក៏បានលើកបញ្ជាក់ថាពិធីបុណ្យភ្ជុំបិណ្ឌ គឺរាជរដ្ឋាភិបាលមិនបានបិទនោះទេ ប៉ុន្តែសូមឲ្យអាជ្ញាធរក្រុង ស្រុក និងជំនាញពាក់ព័ន្ធ រួមសហការគ្នាពង្រឹងអនុវត្តវិធានការសុខាភិបាល «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួន ពិសេសការរៀបចំចង្ហាន់សម្រាប់ព្រះសង្ឃតាមវត្តក្នុងមូលដ្ឋានឲ្យបានល្អ ស្របតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីយើងរួមគ្នាបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលបច្ចុប្បន្នមិនទាន់បានកាត់ផ្ដាច់ចេញពីសហគមន៍យើងទាំងស្រុងនៅឡើយទេ៕