(ស្វាយរៀង)៖ ក្រោយពីបានសិក្សា និងវាយតម្លៃពីកម្រិតហានិភ័យដែលអាចរៀបចំបើកសាលាឲ្យសិស្សានុសិស្ស បានចូលរៀនឡើងវិញចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ក្នុងចំណោមសាលាទាំង៦៥ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង មានសាលាចំនួន៦១ ក្នុងនោះអនុវិទ្យាល័យ ៤៧សាលា និងវិទ្យាល័យ១៤ បានបើកដំណើការឱ្យសិស្សចូលរៀនបានហើយ។
លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អមដំណើរដោយលោកប្រធានមន្ទីរសុខាភិបាល លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកអភិបាលស្រុក លោកអភិបាលក្រុង លោកនាយក លោកគ្រូ អ្នកគ្រូ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានចុះពិនិត្យដំណើរការបើកសាលាឱ្យសិស្សា នុសិស្សបានចូលរៀនឡើងវិញនៅវិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ ស្រុកស្វាយជ្រំ និងវិទ្យាល័យហ៊ុន សែន ចេក ក្រុងស្វាយរៀង។
លោក ម៉ែន វិបុល បានណែនាំដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ត្រូវមានការយកចិត្តទុកដាក់ខ្ពស់អំពីបញ្ហាសុខភាព ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ ៣កុំ» ជាពិសេសត្រូវចេះការពារខ្លួនឯងរៀងៗខ្លួនពីជំងឺកូវីដ១៩។ ក្នុងករណីមានអាការៈមិនស្រួល ឬមានរោគសញ្ញាសង្ស័យ ត្រូវ ប្រញាប់រាយការណ៍ ទៅឲ្យលោកគ្រូ អ្នកគ្រូ ដើម្បីរៀបចំយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ និងធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់កុំឲ្យឆ្លងរាលដាលទៅអ្នកដទៃទៀត៕