(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានសេចក្តីបកស្រាយបំភ្លឺ និងបដិសេធទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានមិនពិត ដែលចោទប្រកាន់ថា ភោជនីយដ្ឋានមួយកន្លែង នៅសង្កាត់ជ្រោយចង្វារ បើកកន្លែងផឹកស៊ីមិនខ្លាចសមត្ថកិច្ច និងមិនអនុវត្តតាមវិធានការរដ្ឋបាលរបស់សាលារាជធានីភ្នំពេញ។
បើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែកញ្ញនេះថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងសារព័ត៌មានមួយបានចុះផ្សាយព័ត៌មានមិនពិតដែលធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។
លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ថា «បន្ទាប់ពីបានឃើញការចុះផ្សាយ របស់សារព័ត៌មានមួយ ដែលបានសរសេរថា ភោជនីយដ្ឋានមួយកន្លែងនៅសង្កាត់ជ្រោយចង្វារ បើកកន្លែងផឹកស៊ីមិនខ្លាចសមត្ថកិច្ច និងមិនអនុវត្តតាមវិធានការរដ្ឋបាលរបស់សាលារាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៩៖២០នាទី កម្លាំងប៉ុស្ដិ៍សហការណ៍ជាមួយគណៈបញ្ជាការសង្កាត់ ចុះទៅដល់ទីតាំងដើម្បីត្រួតពិនិត្យជាក់ស្តែង គឺពុំបានឃើញមានការជួបជុំផឹកស៊ីដូចការចុះផ្សាយរបស់សារព័ត៌មាននោះឡើយ និងបានជួបជាមួយអ្នកគ្រប់គ្រងហាងខាងលើ ដោយម្ចាស់ហាងបានប្រាប់មកសមត្ថកិច្ចថាពុំមានបើកការផឹកស៊ីនោះឡើយ គឺគ្រាន់តែបេីកលក់តែម្ហូបអាហារ និងភេសជ្ជៈតែប៉ុណ្ណោះ»។
លោកវរសេនីយ៍ឯក បានបន្តថា «ដោយអនុវត្តបានយ៉ាងល្អតាមវិធានការសុខាភិបាល និងសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញ ហើយអ្នកគ្រប់គ្រងនោះបានបន្ថែមទៀតថា ប៉ុន្មានថ្ងៃមុនមានអ្នកកាសែត ដែលមិនស្គាល់ប្រភពបានខលមកគម្រាមទារប្រាក់តែត្រូវបានម្ចាស់ហាងបដិសេធ ក្រោយពីបានសួរនាំរួច កម្លាំងក៏បានណែនាំបន្ថែមដល់ម្ចាស់ទីតាំងខាងលើស្ដីគោរពឱ្យបានល្អនូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការរដ្ឋបាលរបស់សាលារាជធានីភ្នំពេញ ដេីម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលវីរុសកូវីដ១៩»។
សមត្ថកិច្ចជំនាញក៏កំពុងតែស្រាវជ្រាវរកមុខអ្នកសារព័ត៌មានដែលបានខលមកគម្រាមម្ចាស់ហាងយកលុយនោះផងដែរ។
បន្ថែមពីនេះ ក្នុងនាមជាអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក បានលើកឡើងថា ក្នុងនាមជាអ្នកសារព័ត៌មាន សូមចូលរួមគោរពវិជ្ជាជីវៈឱ្យបានល្អ ត្រឹមត្រូវផ្សព្វផ្សាយព័ត៌មានពិត ជាពិសេសសូមសរសើរ ដល់សារព័ត៌មានភាគច្រើនដែលបានសហការបានយ៉ាងល្អ ក្នុងការជួយផ្សព្វផ្សាយព័ត៌មានពិតនាពេលកន្លងមក៕