(ភ្នំពេញ)៖ សមាជិកជាន់ខ្ពស់ ៣នាក់របស់ គណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបាន សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានចេញសេចក្តីសម្រេចបញ្ចប់តំណែង និងសមាជិកភាព នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។ នេះបើតាមសេចក្តីសម្រេច របស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាន។

សមជិកគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលត្រូវបានបញ្ចប់សមាជិកភាពរួមមាន៖ ទី១៖ លោក ហេង ចន្ថា អនុប្រធានបក្ស, ២៖ លោក សាយ ហាក់ អនុប្រធាន និង៣៖ លោក ផាន់ សិទ្ធី អគ្គលេខាធិការរងបក្ស។

ចំពោះករណីគណបក្សហ៊្វុនស៊ិនប៉ិច សម្រេចបញ្ចប់សមាជិកភាពមន្ត្រីជាន់ខ្ពស់៣រូបនេះ គិតមកដល់រសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បណ្តាញព័ត៌មាន Fresh News មិនអាចសុំការឆ្លើយតបបាននោះទេពីសំណាក់លោក ហេង ចន្ថា, លោក សាយ ហាក់, លោក ផាន់ សិទ្ធី ព្រោះទូរស័ព្ទតេចូល ប៉ុន្តែមិនមានអ្នកលើក។

រហូតមដល់ពេលនេះ គណបក្សហ៊្វុនស៊ិនប៉ិច ដែលធ្លាប់ជាគណបក្សធំមួយ ដែលធ្លាប់ទទួលបានអសនៈក្នុងរដ្ឋសភា និងចូលរួមដឹកនាំរដ្ឋាភិបាល បានបែកបាក់ជាបន្តបន្ទាប់ និងមិនមានអសនៈទៀតឡើយ នៅក្នុងរដ្ឋសភា ខណៈដែលសម្តេចក្រុមព្រះ ជាប្រធានបក្សនេះ មានសភាពទ្រុឌទ្រោម ក្រោយជួបករណីគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលខែមិថុនា ឆ្នាំ២០១៨៕