(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងប្រជុំពិនិត្យ និងសម្រេចលើច្បាប់ចំនួនពីរ គឺច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពីសវនកម្ម និងច្បាប់ស្តីពីវិនិយោគ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ បានឱ្យដឹងថា កិច្ចប្រជុំពិនិត្យ និងសម្រេចទៅលើច្បាប់ខាងលើនេះ នឹងធ្វើឡើងក្រោមអធិបតីភាពលោកកិត្តិនីតិកោសល បណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។

ប្រភពបន្តថា ការពិនិត្យ និងសម្រេចលើច្បាប់នេះ ធ្វើឡើងតបតាមសំណើរបស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

សូមបញ្ជាក់ថា ច្បាប់ទាំងពីរខាងលើនេះ ត្រូវបានរដ្ឋសភាអនុម័តក្នុងកិច្ចប្រជុំពេញអង្គកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ។

បើតាមសេចក្តីជូនព័ត៌មានរបស់រដ្ឋសភានាពេលកន្លងទៅ បានគូសបញ្ជាក់ថា ច្បាប់នេះ នឹងផ្តល់លទ្ធភាពកាន់តែប្រសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងរួមចំណែកជាមួយតំបន់ និងសកលលោក សំដៅធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ ជាពិសេសសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ នឹងក្លាយជាក្របខ័ណ្ឌស្នូលសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគតំបន់ ដោយពង្រីកបន្ថែមទៀតនូវខ្សែច្រវាក់តម្លៃតំបន់ និងនាំមកនូវឱកាសទីផ្សារ និងការងារសម្រាប់អាជីវកម្ម និងប្រជាជននៅក្នុងប្រទេស និងតំបន់។

ក្នុងនោះច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជាច្បាប់ថ្មីមួយ ដែលត្រូវផ្តួចផ្តើម និងចង្អុលបង្ហាញដោយឯកសារគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។ ច្បាប់នេះ នឹងទាក់ទាញលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ ឬបរទេសប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាតាមរយៈការបង្កើតរបបលើកទឹកចិត្តវិនិយោគមួយ ដែលមានតម្លាភាព ភាពអាចប៉ាន់ប្រមាណទុកជាមុនបាន គ្មានការរើសអើង មានលក្ខណៈប្រកួតប្រជែង និងគាំទ្រគោលនយោបាយសង្គមសេដ្ឋកិច្ច។

ការធ្វើទំនើបកម្ម ការង្កើនផលិតភាពនៃឧស្សាហកម្មក្នុងស្រុក ការពង្រឹងការតភ្ជាប់ទៅក្នុងខែ្សច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោក តាមរយៈការជំរុញកំណើនរំហូរចូលមូលធន ការផ្ទេរបច្ចេកវិទ្យាចំណេះដឹង និងចំណេះធ្វើជាដើម៕