(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានឆ្លើយតបនឹងការលើកឡើង ចំពោះការចោទប្រកាន់មួយ មកលើកងកម្លាំងអាវុធហត្ថ ដែលយាមប្រចាំការនៅគោលដៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ ក្នុងស្តាតអូឡាំពិក។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា កម្លាំងអាវុធហត្ថមិនបានទទួលខុសត្រូវយាមប្រចាំការនៅមណ្ឌលព្យាបាលជំងឺកូវីដនៅស្តាតអូឡាំពិកនោះឡើយ ពោលមានតែ ៤គោលដៅប៉ុណ្ណោះ រួមមាន៖

*ទី១៖ នៅសណ្ឋាគារ Great Duke
*ទី២៖ វិទ្យាល័យជាស៊ីមសាមគ្គី
*ទី៣៖ ព្រីមៀសែនសុខ
*ទី៤៖ មន្ទីពេទ្យហ្លួងម៉ែ។ ហើយបច្ចុប្បន្នកងកម្លាំង បានយាមប្រចាំការនៅតែ២គោលដៅប៉ុណ្ណោះ គឺព្រីមៀសែនសុខ និងមន្ទីរពេទ្យហ្លួងម៉ែ។

ការចេញប្រកាសព័ត៌មានបកស្រាយខាងលើនេះ បានកើតមានឡើង ក្រោយមានប្រជាពលរដ្ឋបានផ្ញើសារមកថា កម្លាំងអាវុធហត្ថដែលយាមប្រចាំការនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ នៅស្តាតអូឡាំពិក បានបង្កបញ្ហាជាច្រើន ជាពិសេសគិតែពីលុយពេលបងប្អូនអ្នកជំងឺ បាននាំយកគ្រឿងបរិភោគ និងសម្ភារមួយចំនួនទៅប្រគល់ជូនសាចញាតិដែលកំពុងព្យាបាលនៅទីនោះ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាពាក្យអាវុធហត្ថលើផ្ទៃប្រទេស៕