(កំពង់ឆ្នាំង)៖ ព្រះបដិមាមួយអង្គ ធ្វើពីលោហៈតែដាច់ព្រះកេស ត្រូវបានលោក ខែក សុផល មេឃុំពង្រ ក្នុងស្រុករលាប្អៀរ យកប្រគល់ជូនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ ដើម្បីរក្សាទុកជាសម្បត្តិជាតិ។
លោក ខែក សុផល បានឱ្យដឹងថា ព្រះបដិមាដែលបានប្រគល់ជូនមន្ទីរវប្បធម៌នេះ គឺត្រូវបានប្រជាពលរដ្ឋប្រទះ ឃើញនៅពេលដែលភ្ជួរស្រែនៅជើងភ្នំថ្លុកត្របែក ក្នុងឃុំពង្រ កាលពីអំឡុងជាងកន្លះខែមុន ហើយបានប្រគល់ជូនរដ្ឋបាលឃុំពង្ររក្សាទុក ប៉ុន្តែមិនមានឱកាសបានប្រគល់ជូនមន្ទីរវប្បធម៌ ទើបតែពេលនេះបានយក មកប្រគល់ជូនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈដើម្បីរក្សាទុក។
ជាមួយគ្នានេះ លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង ដែលបានទទួលព្រះបដិមាខាងលើនេះ បានឲ្យដឹងថា ព្រះបដិមានេះធ្វើពីលោហៈ ជាលក្ខណៈព្រះអង្គប្រក់នាគ ប៉ុន្តែបានបាត់ព្រះកេសទៅហើយ។ បដិមានេះដែរអាចកសាងក្នុងសតវត្សទី១៩ និងទី២០ ប៉ុន្តែអាចចាត់ទុកជាបុរាណវត្ថុបានផងដែរ។
លោក សុខ ធួក បានបញ្ជាក់ថា វាមិនមានតម្លៃអ្វីនោះទេក៏ប៉ុន្តែវាមានតម្លៃសម្រាប់មរតកវប្បធម៌ជាតិ ដែលត្រូវរក្សាទុកឲ្យបានគង់វង្ស ទុកជាបេតិកភណ្ឌរបស់ជាតិ៕