(កំពង់ចាម)៖ បន្ទាប់ពីមានការឆ្លងជំងឺកូវីដ១៩ ទៅលើអាជីវករលក់ដូរ ក្នុងផ្សារស្ពឺ និងផ្សារថ្នល់បែក ក្នុងស្រុកចំការលើជាបន្តបន្ទាប់ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដឹកនាំកិច្ចប្រជុំដោយដាក់គោលការណ៍បន្ទាន់៧ ចំណុច ដើម្បីឱ្យអាជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធយកទៅអនុវត្ត ក្នុងទិសដៅទប់ស្កាត់ការឆ្លងរាលដាលកាន់តែធំនៃជំងឺកូវីដ១៩។

វិធានការទាំង៧ចំណុចដែល លោកអភិបាលខេត្តកំពង់ចាម បានដាក់ចេញក្នុងអង្គប្រជុំនោះគឺ៖

*ទី១៖ ត្រូវបង្កើនការផ្សព្វផ្សាយ សារអប់រំរបស់ក្រសួងសុខាភិបាលបន្ថែមទៀត នៅតាមមូលដ្ឋានជាពិសេសតាមទីប្រជុំជនដូចជា ទីផ្សារជាដើម
*ទី២៖ ត្រូវពង្រឹងផ្នែកប្រជាពលរដ្ឋធ្វើចត្តាឡីស័ក ជាពិសេសការស្រាវជ្រាវរកអ្នកពាក់ព័ន្ធនិងអ្នកវិជ្ជមានប្រភេទ Delta ត្រូវឲ្យពួកគាត់ធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ
*ទី៣៖ សូមឱ្យផ្នែកសុខាភិបាលធ្វើយ៉ាងណាព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះឱ្យបានហ្មត់ចត់ និងហាមដាច់ខាត អ្នកជំងឺមកអង្គុយលេងផ្ទះអ្នកជិតខាង
*ទី៤៖ ត្រូវអនុវត្តច្បាប់ទៅលើជនខិលខូចទាំងឡាយ ដែលព្យាយាមគេចវេសពីការព្យាបាល បូករួមទាំងការមិនគោរពទៅតាមវិធានការការពារជំងឺឆ្លងនេះ ត្រូវតែអនុវត្តច្បាប់តាមបទល្មើសជាក់ស្ដែង
*ទី៥៖ ត្រូវពិនិត្យមើលឱ្យបានត្រឹមត្រូវអំពីអ្នកចំណូលស្រុក ជាពិសេសអ្នកចំណូលស្រុកមកពីតំបន់ ដែលមានហានិភ័យខ្ពស់ ត្រូវតែឱ្យពួកគាត់ធ្វើចត្តាឡីស័កនៅតាមផ្ទះ ១៤ថ្ងៃ
*ទី៦៖ ត្រូវជំរុញនៃការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីប្រជុំជន ជាពិសេសតាមទីផ្សារ
*ទី៧៖ ចំពោះសាលារៀន ត្រូវពិនិត្យមើលបើមានវិជ្ជមានកូវីដ១៩ ក្នុងថ្នាក់ណា ត្រូវធ្វើការព្យាបាល និងសិស្សពាក់ព័ន្ធត្រូវធ្វើចត្តាឡីស័កចំពោះតែថ្នាក់នោះ ពោលគឺមិនមែនបិទសាលានោះទេ៕