(បាត់ដំបង)៖ សាកលវិទ្យាល័យជាតិបាត់ដំបង បានសហការជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍនិងមជ្ឈមណ្ឌល វប្បធម៌ចិនប្រចាំនៅកម្ពុជា វិទ្យាស្ថានខុងជឺ ព្រមទាំងបានការគាំទ្រពីស្ថានទូតចិនប្រចាំនៅកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងសភាពាណិជ្ជកម្មចិន ប្រចាំខេត្តបាត់ដំបង បានរៀបចំការប្រកួតនិយាយរឿងនិទានជាភាសាចិន ជាលើកទី២។

ប្រកួតនិយាយរឿងនិទានជាភាសាចិន បានធ្វើឡើងតាមប្រព័ន្ធអនឡាញនាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងប្រធានគណៈកម្មការគ្រប់គ្រងនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងមានការចូលរួមពីលោក សុខ ឃន សាកលវិទ្យាធិការនៃសាកល វិទ្យាល័យជាតិ បាត់ដំបង, លោក ZHANG YAOWU ប្រធានការិយាល័យមូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា(CFPD), លោក CHANG JIAN អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា រួមទាំងបេក្ខជនជាច្រើនរូបទៀត។

លោក សុខ ឃន បានគូសបញ្ជាក់ថា ក្រោមការគាំទ្រ ការចង្អុលបង្ហាញនិងការណែនាំរបស់លោក ស សុខា សាកលវិទ្យាល័យជាតិបាត់ដំបង បាននឹងកំពុងអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធរបស់ខ្លួនជាលំដាប់ទាំងផ្នែករឹងនិងផ្នែកទន់។ ថ្ងៃនេះជាសក្ខីភាពបញ្ជាក់បន្ថែមទៀត ពីការគាំទ្រនិងការខិតខំ លើការអភិវឌ្ឍធនធានបញ្ញាញាណភាសាចិន ដែលអាចធ្វើឱ្យសិស្សជ័យលាភីទាំងអស់បានបង្ហាញសមត្ថភាពភាសាចិនជូនដល់សាធារណៈជនបាន។

លោក ZHANG YAOWU បានឱ្យដឹងដែរថា ការប្រកួតនេះបានផ្តល់ឱកាសនិងលើកទឹកចិត្តដល់ អ្នកសិក្សាភាសាចិនឱ្យពង្រឹង និងពង្រីកសមត្ថភាពរបស់ខ្លួនដើម្បីចូលរួម ជាស្ពានទំនាក់ទំនងដ៏ល្អរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ កម្មវិធីនេះបានរៀបចំអស់រយៈពេល៩ខែ ដោយចាប់ផ្តើមពីដើមខែមករា ឆ្នាំ២០២១ ដោយមាន និស្សិតជាច្រើនបានចូលរួមក្នុងការប្រកួតនេះ ហើយថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ គឺជាថ្ងៃប្រកួតផ្តាច់ព្រ័ត ដែលមាននិស្សិតចំនួន៦រូប បានចូលរួមប្រកួត ក្នុងនោះ មានស្រីចំនួន៥នាក់។

លោកសង្ឃឹមថា ការប្រកួតប្រជែងនេះនឹងត្រូវបានប្រើជាចំណុចចាប់ផ្តើមក្នុងការលើកទឹកចិត្តបន្ថែមទៀត និងចូលរួមអបអរសាទរក្នុងចំណោមនិស្សិតកម្ពុជា លើការសិក្សា ភាសាចិន ព្រមចាក់គ្រឹះរឹងមាំថែមទៀតសម្រាប់ការផ្លាស់ប្តូរមិត្តភាពរវាងកម្ពុជានិងចិន។ CFPD បានចូលរួមនៅក្នុងការអភិវឌ្ឍធនធានមនុស្ស នៅក្នុងប្រទេសកម្ពុជា តាមរយៈការសាងសង់អគារសិក្សា នៅតាមសាលារៀនមួយចំនួននៅកម្ពុជា។

លោក CHANG JIAN បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចគាំទ្រយ៉ាងពេញទំហឹងរបស់ក្រសួងអប់រំ យុវជននិងកីឡា ដែលបានផ្តល់ឱកាសឱ្យសង្គមស៊ីវិល ប្រទេសចិនរួមមាន៖ មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍបានចូលរួមចំណែកយ៉ាងសកម្ម នៅក្នុងការអភិវឌ្ឍធនធានមនុស្ស ហើយជាពិសេសរៀបចំកម្មវិធីប្រកួត ប្រជែងដើម្បីលើកទឹកចិត្តដល់អ្នកសិក្សាភាសាចិននៅក្នុងភូមិភាគពាយព្យ។

លោក CHANG JIAN ក៏បានលើកទឹកចិត្តដល់វិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ត្រូវបំពេញការងារឱ្យកាន់តែប្រសើរឡើង ដើម្បីបម្រើដល់ការសិក្សា ភាសាចិនរបស់ សិស្ស-និស្សិត និងបន្តគាំទ្រដល់សាកលវិទ្យាល័យជាតិបាត់ដំបង ក្នុងទំនាក់ទំនងកាន់តែទូលំទូលាយ លើវិស័យវិទ្យាសាស្រ្ត ជាមួយបណ្តាគ្រឹះស្ថានឧត្តមសិក្សា គ្រឹះស្ថានស្រាវជ្រាវ និងក្រុមបញ្ញាញាណជាន់ខ្ពស់របស់ចិន។

ជាមួយគ្នានោះលោក ស សុខា ក៏បានឱ្យដឹងដែរថា ការប្រកួតប្រជែងនេះពិតជាស្ពានដ៏ប្រពៃក្នុងការនាំយកនូវវប្បធម៌ប្រពៃណី ទំនៀមទម្លាប់របស់ជាតិ ជាពិសេស តំបន់ទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ចែកជូនដល់ជនជាតិចិន រឺជនបរទេសនានាដែលប្រើប្រាស់ភាសាចិន យល់កាន់តែច្បាស់និងមកកាន់តែច្រើនដើម្បីធ្វើការវិនិយោគ និងមកទស្សនាតំបន់ទេសចរណ៍នានា នៅក្នុងប្រទេសកម្ពុជា។

លោក ស សុខា ក៏បានកោតសរសើរចំពោះមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ និងអង្គការសង្គមស៊ីវិលនានារបស់ប្រទេសចិន ដែលបានបំពេញបេសកកម្មយ៉ាងល្អ ប្រសើរនៅកម្ពុជា ក្រោមដំបូលសន្តិភាព នីតិរដ្ឋ និងលំហសេរីភាពយ៉ាងពេញលេញនៅកម្ពុជា ដែលកម្មវិធីនាថ្ងៃនេះជាសក្ខីភាពបញ្ជាក់ស្រាប់ ហើយក៏ជាការចេញ ដំណើរដ៏ល្អមួយនៅសាកលវិទ្យាល័យជាតិបាត់ដំបង រួមទាំងវិទ្យាស្ថាន ខុងជឺ ដែលជាស្ពានដ៏ល្អក្នុងការបណ្តុះបណ្តាលធនធានមនុស្ស លើជំនាញភាសា និងអក្សរ សាស្ត្រ ចិនស្របតាមនិយាមគរុកោសល្យ និងលំអានដ៏ល្អប្រសើររបស់ក្រសួងអប់រំ យុវជន និងកីឡា។

តាមរយៈលោក CHANG JIAN លោក ស សុខា ក៏បានស្នើសុំឱ្យលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បន្តការគាំទ្រ និងចូលរួមចំណែកជួយអភិវឌ្ឍ សាកលវិទ្យាល័យជាតិបាត់ដំបង ដើម្បីក្លាយជាសាកលវិទ្យាល័យឈានមុខមួយ និងជាស្ពានដ៏ល្អនៃទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ (កម្ពុជា និងចិន)ផងដែរ។

គួរបញ្ជាក់ផងដែរថា ការប្រកួតនិយាយរឿងនិទានជាភាសាចិននេះជ័យលាភីបានទៅលើ បេក្ខនារី លឿង ហ្វង ចំណាត់ថ្នាក់លេខ១ បានទឹកប្រាក់ ៣០០$ និងរង្វាន់ ជាច្រើនទៀត, ចំណាត់ថ្នាក់លេខ២ មាន ២នាក់ ម្នាក់ៗ ទទួល១៥០$, លេខ៣ មាន៣នាក់ ម្នាក់១០០$, លេខ៤ មាន ៦នាក់ ម្នាក់ៗទទួលបាន ៥០$ និងចំណាត់ថ្នាក់ លួងចិត្តមាន៣៨នាក់ ដោយម្នាក់ៗ ទទួលបានទឹកប្រាក់ ៣០ដុល្លាអាមេរិក៕