(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញបំភ្លឺ និងបដិសេធទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មាន The Cambodia Daily Khmer ជុំវិញកម្លាំងនគរបាល អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ ដើម្បីរកប្រាក់ចំណូលចូលហោប៉ៅជាជាងការចុះពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក។ ចំពោះករណី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ទុកថាការចុះផ្សាយនេះមានលក្ខណៈប្រមាថមកលើមន្ត្រីអនុវត្តច្បាប់ ដែលគ្មានមូលដ្ឋានច្បាស់លាស់ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់កងកម្លាំងនគរបាលជាតិ។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៧ ខែកញ្ញានេះថា «ទាក់ទងទៅនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត ជាពិសេសគឺការចុះផ្សាយមានលក្ខណៈប្រមាទមកលើមន្ត្រីអនុវត្តច្បាប់ ដែលគ្មានមូលដ្ឋានច្បាស់លាស់ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់កងកម្លាំងនគរបាលជាតិ»

លោកវរសេនីយ៍ឯក បានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ហ្វេសប៊ុកផេកដែលមានឈ្មោះ The Cambodia Daily Khmer បានចុះផ្សាយដែលមានខ្លឹមសារថា៖ «មន្រ្តីរាជការថ្នាក់ទាប និងសាធារណជន សម្តែងការហួសចិត្ត កាលបើពិនិត្យឃើញថា សកម្មភាពរបស់សមត្ថកិច្ចនគរបាល ដែលដាក់ពង្រាយ ការត្រួតពិនិត្យ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញរាល់ថ្ងៃនេះ ធ្វើឡើងតែដើម្បីរកប្រាក់ចំណូលចូលហោប៉ៅជាជាងការចុះពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាព»

ក្នុងនាមអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបដិសេធទាំងស្រុងចំពោះការចុះផ្សាយខុសពីការពិត គ្មានមូលដ្ឋានច្បាស់លាស់នេះ។ ចំពោះករណីចោទប្រកាន់នេះ មានគោលបំណងអាក្រក់ វាយប្រហារមកលើកងកម្លាំងអនុវត្តច្បាប់ទាំងអស់ ជាពិសេសមានបំណងទុច្ចរិតក្នុងការបង្ខូចកិត្តិយសរបស់មន្ត្រីអនុវត្តច្បាប់។ ជាក់ស្តែងមន្ត្រីនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានអនុវត្តតាមលិខិតបទដ្ឋានគតិ យុត្តនានាបានយ៉ាងត្រឹមត្រូវ ពាក់ព័ន្ធជាមួយការងារចរាចរណ៍រួមមាន៖

*ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
*អនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០
*សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
*សេចក្តីសម្រេចរបស់អនុគណៈកម្មាការទី២ (គ.ស.ច.គ)
*សេចក្តីណែនាំលេខ ០០៥ ស.ណ.ន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ
* ផែនការលេខ ០៣៩ ផ.ក របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
*សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ
*និងបទបញ្ជាផ្ទាល់របស់ថ្នាក់ដឹកនាំ

លោកបានបញ្ជាក់ថា ក្នុងការចុះត្រួតពិនិត្យអនុវត្តច្បាប់ចំពោះយានយន្តគ្រប់ប្រភេទ និងបានធ្វើការអប់រំណែនាំដល់មន្រ្តីក្រោមឱវាទ ឱ្យអនុវត្តច្បាប់ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅជួយសម្រួលមិនឱ្យមានការកកស្ទះ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងរាជធានីភ្នំពេញ លុបបំបាត់បទល្មើសផ្សេងៗនៅលើដងផ្លូវ ជាពិសេសអប់រំណែនាំប្រជាពលរដ្ឋដែលប្រើប្រាស់ដងផ្លូវ ឱ្យគោរពច្បាប់ ជាជាងខ្លាចប៉ូលិស។

អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា ជាលទ្ធផល នៃកិច្ចប្រតិបត្តិការបំពេញមុខងារភារកិច្ចរបស់មន្រ្តីនគរចរាចរណ៍ផ្លូវគោក គឺទទួលបានលទ្ធផលវិជ្ជមាន និងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋទៅវិញទេដែលក្នុងនោះរួមមាន៖

*កាត់បន្ថយការកកស្ទះនៅក្នុងរាជធានីភ្នំពេញ
*កាត់បន្ថយបទល្មើសចរាចរណ៍ផ្សេងៗ ពីសំណាក់អ្នកប្រើប្រាស់ផ្លូវ (ធ្វើឱ្យមានសណ្តាប់ធ្នាប់នៅលើទ្រូងផ្លូវ)
*កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសកាត់បន្ថយចំនួនអ្នករបួស និងស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ (ត្រួតពិនិត្យជាតិស្រវឹងពេលយប់)
*កាត់បន្ថយបទល្មើសផ្សេងៗ (ឆក់, ប្លន់) និងកាត់បន្ថយភាពអនាធិបតេយ្យនៅលើទ្រូងផ្លូវ (ហាមមិនឱ្យរ៉ឺម៉កលក់ដូរ និងរថយន្តដឹកទំនិញធំៗចេញ-ចូល រាជធានីភ្នំពេញ)
*ធ្វើការអប់រំជាប្រចាំដល់អ្នកបើកបរតាមផ្លូវ គ្រឹះស្ថានសិក្សា ក្រុមហ៊ុនដឹកជញ្ជូនផ្សេងៗ។

ទន្ទឹមនឹងទទួលបានលទ្ធផលការងារខាងលើ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដោយមានក្រុមការងារអនុវត្តវិន័យ តែងតែធ្វើការអប់រំ ណែនាំ ដាក់ពិន័យ និងដកបញ្ឈរជើង ចំពោះមន្រ្តីណា ប្រព្រឹត្តផ្ទុយពីគោលការណ៍របស់ ថ្នាក់ដឹកនាំ ដែលកំណត់ឲ្យអនុវត្តតែចំនួន ០៧ចំណុច សម្រាប់ទោចក្រយានយន្ត និង០៩ចំណុច សម្រាប់រថយន្ត ឬទទួលបានរូបភាព វីដេអូ អសកម្ម ពីក្រុមប្រតិកម្មរហ័សរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឬការបញ្ចេញមតិ (Comment) ផ្សេងៗពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ពាក់ព័ន្ធជាមួយការងារចរាចរណ៍។

លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ថា ក្នុងនាមជាសារព័ត៌មានអន្តរជាតិមួយ សូមចូលរួមគោរពវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ ជៀសវាងការយកព័ត៌មានមិនពិត ដែលគ្មានប្រភពច្បាស់លាស់ មកចុះផ្សាយព័ត៌មានមិនគ្រប់ ជ្រុងជ្រោយ មិនមានក្រមសីលធម៌វិជ្ជាជីវ:ច្បាស់លាស់ មូលបង្កាច់ មានចរិកលំអៀងដេីម្បីផលប្រយោជន៍នយោបាយ ជាពិសេសក្នុងគោលបំណងអាក្រក់ដេីម្បីបង្ខូចកិត្តិយសរបស់កងកម្លាំងនគរបាលជាតិ៕