(កណ្តាល)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកនូវគ្រឿងឧបភោគ-បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ ប្រគេនដល់ព្រះចៅអធិការវត្ត និងព្រះសង្ឃ៤អង្គ ដែលគង់នៅវត្តប្រជុំនទី ហៅវត្តក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។
ក្នុងឱកាសនោះផងដែរ លោកស្រីអគ្គលេខាធិការ ក៏បានប្រគេននូវបណ្ណផ្សព្វផ្សាយអំពីជំងឺកូវីដ-១៩ និងបានអំពាវនាវដល់ព្រះសង្ឃ គណ:កម្មការអាចារ្យវត្ត សូមចូលរួមអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល និងតាមការណែនាំរាជរដ្ឋាភិបាល ៣ការពារ និង៣កុំ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
សូមជម្រាបថា សម្រាប់ទេយ្យទាន កាកបាទក្រហមកម្ពុជា ប្រគេនដល់ព្រះសង្ឃគង់នៅវត្តប្រជុំនទី ហៅវត្តក្រពើហា រួមមាន៖ អង្ករ ១តោន, មី២០កេស, ត្រីខ២កេស, ទឹកស៊ីអ៊ីវ១០ឡូ, ទឹកត្រី ១០ឡូ, ទឹកក្រូច ១០កេស, ទឹកត្រឡាច ៥កេស, ទឹកគូលែន ៥កេស, ទឹកសណ្តែក ៥កេស, ទឹកបរិសុទ្ធ ១០កេស, ទឹកដោះគោខាប់ ២កេស, អូវ៉ាន់ទីន ២កេស, ស្ករស ១០គីឡូក្រាម, តែ៥គីឡូក្រាម, មៀនកំប៉ុង ២កេស, ត្រីងៀត ១០គីឡូក្រាម, សាច់ក្រក ១០គីឡូក្រាម, នំអន្សម ១កន្រក់, ម៉ាស១កេស, បណ្ណប្រកាសផ្សព្វផ្សាយពីជំងឺកូវីដ-១៩មួយចំនួន និងបច្ច័យ ចំនួន ១០,០០០,០០០រៀល។
ដោយឡែក ព្រះចៅអធិការវត្ត ប្រគេនសាដក ១ បច្ច័យ ២,០០០,០០០រៀល និងព្រះសង្ឃ៤អង្គទៀត ដោយ១អង្គៗ ប្រគេនសាដក ១ បច្ច័យ ២០០,០០០រៀល៕