(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២១ តំណាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះទៅសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានការពារកោះឆ្នេរ ស្ថិតនៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាសម្ព័ន្ធមេត្រីភាពរបស់ក្រសួងធនធានទឹក និងឧតុនិយម។
ក្នុងនាមជាសម្ព័ន្ធមេត្រីភាព លោក ជា សុខនី តំណាងរបស់លោករដ្ឋមន្ត្រី បានផ្តាំផ្ញើរសួរសុខទុក្ខបងប្អូនកងទ័ព និងប្តេជ្ញានៅតែបន្តការជួយឧបត្ថម្ភគាំទ្រដល់បញ្ជាការដ្ឋានការពារកោះឆ្នេរ និងបណ្តាកងពលផ្សេងទៀត ដែលជាសម្ព័ន្ធមេត្រីភាព ទាំងស្មារតី សម្ភារ និងថវិកា ដើម្បីជួយលើកកម្ពស់នូវជីវភាពរបស់កងទ័ព គ្រួសារកងទ័ព និងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងបញ្ជាការដ្ឋាន ក្នុងន័យសំដែងនូវការដឹងគុណ ចំពោះបងប្អូនកងទ័ពទាំងអស់ ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពារសុខសន្តិភាព សេចក្តីសុខក្សេមក្សាន្ត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាជាតិមាតុភូមិ។
ក្នុងឱកាសពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ លោករដ្ឋមន្រ្តី ក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅបញ្ជាការដ្ឋានការពារកោះឆ្នេរ និងបណ្តាកងពលផ្សេងទៀត ដែលជាសម្ព័ន្ធមេត្រីភាពរបស់ក្រសួងធនធានទឹក និងឧតុនិយម សរុបចំនួន ១.៩៥៥នាក់ រួមមាន៖
*ទី១៖ បញ្ជាការដ្ឋានការពារកោះឆ្នេរ ចំនួន ១.៣៩២ នាក់
*ទី២៖ កងវរសេនាតូចលេខ ១ (ថ្មធំ) ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ចំនួន ១១៧ នាក់
*ទី៣៖ កងវរសេនាតូចលេខ ២ (អានសេះ) ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ចំនួន ១៨៦ នាក់
*ទី៤៖ កងវរសេនាតូចលេខ ០១ និងលេខ ០២ ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ ឈរជើងតាមបន្ទាត់ព្រំដែនដែនទិសប្រាសាទតាក្របី ចំនួន ២៦០ នាក់៕