(ភ្នំពេញ)៖ លោកស្រី ច័ន្ទ ហារ៉ានវដ្តី អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារបច្ចេកទេសលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់អំពើហិង្សាលើកុមារ តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសបើកយុទ្ធនាការ «គ្រួសាររឹងមាំ» ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ និងទប់ស្កាត់ការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់នៅខេត្តរតនគិរី នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ ដោយមានការឧបត្ថម្ភគាំទ្រពីអង្គការមូលនិធិសហប្រជាជាតិដើម្បីកុមារ (UNICEF) ដោយមានការចូលរួមពីក្រុមការងារក្រុមការងារបច្ចេកទេសមកពីថ្នាក់ជាតិលោកស្រី ចក់ មើល លោកស្រី Lucia Soleti លោក លោកស្រីតំណាងមន្ទីរ អង្គភាពក្នុងខេត្ត ស្រុក និងអង្គការដៃគូពាក់ព័ន្ធទាំងអស់ និងយុវជននាពេលនេះ បានបង្ហាញឱ្យឃើញនូវស្មារតី យកចិត្តទុកដាក់រួមគ្នា ចំពោះការទប់ស្កាត់អំពើហិង្សាលើកុមារ និងការរំលោភបំពានផ្សេងៗលើកុមារ សំដៅធ្វើឱ្យកាន់តែប្រសើរឡើង នូវការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារនៅកម្ពុជា។
យុទ្ធនាការ «គ្រួសាររឹងមាំ» នេះគឺស្ថិតនៅក្រោយសមត្ថកិច្ចរបស់ «គណៈកម្មការដឹកនាំអនុវត្តផែនការសកម្មភាព ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ»។ « គណៈកម្មការដឹកនាំអនុវត្តផែនការសកម្មភាព ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ» ត្រូវបានបង្កើតឡើង តាមសេចក្តីសម្រេច លេខ ១៨៧ ស.អ.យ ចុះថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៩ ដែលមានលោករដ្ឋមន្រ្តីជាប្រធាន មានសមាជិកជាថ្នាក់ដឹកនាំ និងមន្រ្តីមកពីក្រសួង និងអង្គការដៃគូពាក់ព័ន្ធ។
លោកស្រី បានបន្ថែមថា គណៈកម្មការដឹកនាំនេះ មានក្រុមការងារបច្ចេកទេសចំនួន៣ ដែលក្នុងនោះក្រុមទី១ មានឈ្មោះថា «ក្រុមការងារបច្ចេកទេស លើកកម្ពស់ការយល់ដឹង និងទប់ស្កាត់អំពើហិង្សាលើកុមារ» មានសមាសភាពមកពីក្រសួងសង្គមកិច្ច ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ក្រសួងធម្មការ និងសាសនា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងកិច្ចការនារី ក្រសួងអប់រំ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ព្រមទាំងតំណាងអង្គការដៃពាក់ព័ន្ធមួយចំនួន។
លោកស្រី វ ច័ន្ទ ហារ៉ានវដ្តី បានបញ្ជាក់ថា ក្រុមការងារនេះ បានរៀបចំយុទ្ធនាការ «ការលើកកម្ពស់ការយល់ដឹង ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ និងទប់ស្កាត់ការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់» ឈ្មោះថា «គ្រួសាររឹងមាំ» ដោយផ្អែកលើយុទ្ធសាស្ត្រប្រាស្រ័យទាក់ទង ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ និងការបំបែកកុមារពីគ្រួសារដោយមិនចាំបាច់នៅកម្ពុជា ហៅថា (យុទ្ធសាស្រ្ត Cambodia PROTECT)។
លោកស្រីបន្តថា «ថ្ងៃនេះ ខេត្តរតនគិរី ជាខេត្តដំបូងគេបង្អស់ដែលបានធ្វើពិធីប្រកាសយុទ្ធនាការ«គ្រួសាររឹងមាំ» គឺជាកិច្ចសហការរួមគ្នារវាងថ្នាក់ជាតិ និងថ្នាក់ខេត្ត ដែលបេ្តជ្ញាចិត្តជំនះនូវរាល់ឧបស័គ្គ ដើម្បីសំដៅលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់អំពើហិង្សាលើកុមារ។ កុមារជាទំពាំងស្នងឬស្សី ជាសសរទ្រូង និងជាកម្លាំងដ៏រឹងមាំរបស់ប្រទេសជាតិ។ ដូចនេះ ការការពារកុមារ មិនអាចក្រសួង ស្ថាប័នណាមួយ ដោះស្រាយតែឯកឯងបានទេ គឺត្រូវមានការចូលរួមពីគ្រប់វិស័យ គ្រប់ភាគី គ្រប់លំដាប់ថ្នាក់ និងមានការចូលរួមពីមាតាបិតា អាណាព្យាបាល និងកុមារខ្លួនឯង។
អនុរដ្ឋលេខាធិការរូបនេះ បានបន្ថែមថា ការចូលរួមរបស់អ្នកទាំងអស់គ្នា នៅក្នុងយុទ្ធនាការ«គ្រួសាររឹងមាំ» នាពេលនេះ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងគាំទ្រ និងអនុវត្តយុទ្ធនាផ្សព្វផ្សាយ ទាំងនៅក្នុងខេត្ត ស្រុក ឃុំ ជាពិសេសនៅតាមសហគមន៍ ដែលជាសកម្មភាពគន្លឹះ មិនអាចខ្វះបាន ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងពីបព្ហា ពីផលវិបាកដែលកើតឡើងដោយអំពើហិង្សា និងអប់រំពួកគេ ឱ្យកែប្រែឥរិយាបថ ដោយមិនប្រើអំពើហិង្សាលើកុមារ នៅគ្រប់ស្ថានភាព គ្រប់ករណី ប៉ុន្តែ ជំនួសមកវិញដោយការវិធីសាស្រ្តអប់រំបែបវិជ្ជមាន»៕