(បន្ទាយមានជ័យ)៖ ក្រៅតែពីការរងគ្រោះធ្ងន់ធ្ងរដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ហើយនោះ នៅពេលនេះខេត្តបន្ទាយមានជ័យ បានបន្ថែមដោយទម្ងន់ទុក្ខនៃការជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់ពីប្រទេសថៃថែមមួយកម្រិតទៀត។ បើទោះបីមានការលំបាកបែបបនេះក្តី តែអាជ្ញាធរមិនបានលែងដៃនោះឡើយ គឺនៅតែក្រាញននៀលជម្នះការលំបាកទាំងអស់នេះ ក្នុងការជួយប្រជាពលរដ្ឋចៀសផុតពីគ្រោះភ័យ។
ជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់ពីប្រទេសថៃ បានជន់លិចខេត្តបន្ទាយមានជ័យជាច្រើនថ្ងៃមកហើយ តែការជន់លិចនេះមានសភាពកាន់តែខ្លាំងឡើង។ គិតមកដល់ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ក្រុង-ស្រុក ចំនួន៦ ស្មើនឹង ៣០ឃុំ/សង្កាត់ បានរងការជន់លិច។
បើទោះបីកំពុងជាប់រវល់ប្រយុទ្ធនឹងជំងឺកូវីដ១៩ តែអាជ្ញាធរខេត្តបន្ទាយមានជ័យ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏មិនបោះបង់ការដោះស្រាយរឿងជំនន់នោះដែរ។ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនាមជាអ្នកប្រតិបត្តិការលើសមរភូមិគ្រោះមហន្តរាយ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានបន្តចុះដោយផ្ទាល់ ដើម្បីពិនិត្យស្ថានភាពជន់លិច និងការជួយសង្គ្រោះប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ។
ក្នុងដំណើរចុះពិនិត្យស្ថានភាពនៃការជន់លិចនោះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជាស្មារតីរបស់សម្តេចតេជោ ហ៊ុន សែន កុំថាឡើយត្រូវជួបការលំបាកព្រោះជំងឺកូវីដ១៩ ឬទឹកជំនន់ ទុក្ខលំបាកខ្លាំងជានេះទៀត ក៏រាជរដ្ឋាភិបាល និងអាជ្ញាធរមិនបោះបង់ប្រជាពលរដ្ឋនោះឡើយ ត្រូវតែក្រាញននៀលជម្នះរាល់ការលំបាកនេះឱ្យខាងតែបាន។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់ដូច្នេះ «សម្តេចតេជោ លោកបានបញ្ជាដាច់ណាត់មកកាន់យើងខ្ញុំជាអាជ្ញាធរឱ្យដាក់មុខព្រួញក្នុងការជួយដល់ប្រជាពលរដ្ឋទាំងគ្រោះទឹកជំនន់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សម្តេចលោកបានបញ្ជាក់ថា កុំថាប៉ុណ្ណេះលំបាក ទោះលំបាកលើសនេះរាប់រយ រាប់ពាន់ដង ក៏យើងមិនមានទម្លាប់បោះបង់ប្រជាពលរដ្ឋនោះឡើយ។ ដាច់ខាតត្រូវតែនៅជាមួយពលរដ្ឋ ជួយប្រជាពលរដ្ឋមិនត្រូវឱ្យពលរដ្ឋត្រូវដាច់ស្បៀង ត្រូវជន់លិចគ្រោះដល់អាយុជីវិត ដោយយើងមិនបានជួយគាត់នោះឡើយ»។
បើតាមលោកទេសរដ្ឋមន្ត្រី គន់ គីម នៅចំពោះមុខនៃការជន់លិចនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត បានត្រៀមលក្ខណៈសម្បត្តិរួចរាល់ក្នុងការជួយជម្លៀសប្រជាពលរដ្ឋ។ ក្នុងនោះតង់នៅទីទួលសុវត្ថិភាពត្រូវបានបោះរួចរាល់ ដើម្បីទទួលប្រជាពលរដ្ឋជាមួយការអនុវត្តតាមវិធានសុខាភិបាល ខណៈប្រជាពលរដ្ឋ ៧៣៦គ្រួសារហើយ ត្រូវបានជម្លៀសមកទីទួលសុវត្ថិភាព។
ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាមសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន លើការងារគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានអំពាវនាវដល់អាជ្ញាធរនៅតាមមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធទាំងអស់អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជាសម្តេចតេជោ អគ្គមេបញ្ជាការកំពូលលើសមរភូមិគ្រប់គ្រងគ្រោះមហន្តរាយនេះ ចេញជួយពលរដ្ឋឱ្យបានទាន់ពេលវេលា និងដោយស្មារតីយកចិត្តទុកដាក់ខ្ពស់។
បើទោះបីជាយ៉ាងណាលោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ដែលធ្វើសកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំជាទីបំផុត។
យោងតាមរបាយការណ៍បានបង្ហាញ មកដល់ពេលជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់មកពីប្រទេសថៃនេះ បានធ្វើឱ្យប៉ះពាល់ប្រជាជនប្រមាណ ៦,៦៨៦គ្រួសារ លិចស្រូវប្រមាណ ៥,០០០ហិកតា និងដំណាំរួមផ្សំប្រមាណ ៣០៩ហិកតា
ប្រជាជនដែលកំពុងស្នាក់នៅទួលសុវត្ថិភាពប្រមាណ ៧៣៦គ្រួសារ បានទទួលស្បៀងសង្គ្រោះបន្ទាន់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីគ្រប់ចំនួនផងដែរ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានសម្តែងការសោកស្តាយជាមួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នេះ។ លោកក៏បានអំពាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីការពារហានិភ័យ និងគ្រោះថ្នាក់ផ្សេងៗ បណ្តាលមកពីទឹកជំនន់នេះ៕