(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល នៅហាង B O សាឡន តាមផ្លូវភ្លោះខាងកើតរង្វង់មូលថ្មី ក្នុងក្រុងព្រះវិហារ ត្រូវធ្វើចត្តាឡីស័កឱ្យបានគ្រប់គ្នា បើមានអាការៈមិនស្រួល ត្រូវទៅពិនិត្យរកមេរោគកូវីដ-១៩ បន្ទាប់ពីម្ចាស់ទីតាំង និងអ្នកធ្វើការនៅទីនោះរកឃើញវិជ្ជមានជំងឺកូវីដ-១៩។
លោកវេជ្ជបណ្ឌិត គួង ឡូ បានបញ្ជាក់ឱ្យដឹងនៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះថា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ មន្រ្ដីសុខាភិបាលខេត្តព្រះវិហារបានធ្វើ តេស្តដោយយកសំណាកដល់អ្នកផាត់មុខ ធ្វើសក់ (B.O សាឡន) ពីរនាក់មានផ្ទុកវិជ្ជមានកូវីដ-១៩។ ជាមួយគ្នានេះដែរក្រុមការងារមន្ទីរសុខាភិបាលខេត្ត ក៏បានស្វែង រកអ្នកដែលបានមកធ្វើសក់ និងផាត់មុខនៅហាង B.O សាឡនខាងលើ មានវិជ្ជមានជំងឺកូវីដ-១៩ម្នាក់ទៀតផងដែរ។
លោកវេជ្ជបណ្ឌិត គួង ឡូ បានបន្ថែមថា ក្នុងមួយថ្ងៃៗមនុស្សមិនក្រោម១០នាក់ទេ ដែលចេញចូល ធ្វើសក់ ផាត់មុខ នៅហាង B.O សាឡនខាងលើនេះ។ ដូចនេះអ្នក ដែលមានការប៉ះពាល់ដោយផ្ទាល់ ឫដោយប្រយោលជាមួយពួកគាត់ទាំងពីរនាក់ ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ សូមធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ប៉ុន្តែបើមាន អាការៈមិនស្រួល សូមប្រញាប់ផ្តល់ដំណឹង ឫទៅជួបជាក្រុមគ្រូពេទ្យដើម្បីយកសំណាករកមេរោគកូវីដ-១៩ ឫអាចទំនាក់ទំនងតាមលេខទូរស័ព្ទ 017 600 682, 011 454 386។
លោក គួង ឡូ ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅខេត្តព្រះវិហារ សូមបន្តការប្រុងប្រយ័ត្ន ការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ-១៩ ដែលជាវិធានការដ៏មាន ប្រសិទ្ធភាពនោះ គឺអនុវត្តឱ្យបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស់ជានិច្ចពេលស្ថិតក្នុងទីប្រជុំជន ឫជួបទំនាក់ទំនងជាមួយមនុស្ស ប្លែកមុខ ត្រូវឧស្សាហ៍លាងសម្ងាតដៃដោយសាប៊ូឫទឹកអាល់កុល ពិសេសត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំនិង៣ការពារ»ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងសហគមន៍ពីជំងឺកូវីដ-១៩៕