(ស្វាយរៀង)៖ លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង និងជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត សូមបន្តចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ និងការពារ» ឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីជំងឺកូវីដ១៩។
ការអំពាវនាវរបស់ប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀងបែបនេះ បានធ្វើឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ ក្នុងការបន្តចុះអប់រំផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បីឱ្យពួកគាត់យល់ដឹងឱ្យកាន់តែច្បាស់អំពីវិធានការការពារ និងទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍។
នាឱកាសនោះដែរ លោកបណ្ឌិត កែរ រដ្ឋា បានបន្តថា ដោយមានការណែនាំពីលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដោយលោករដ្ឋមន្រ្តីសង្កេតឃើញថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋមួយចំនួនភ្លេចខ្លួន ដែលឃើញជំងឺកូវីដមានការថយចុះ និងបានចាក់វ៉ាក់សាំងគ្រប់ចំនួនផង ពួកគាត់មិនសូវអនុវត្តនូវវិធានការសុខាភិបាលត្រឹមត្រូវដូចមុនទេ លោករដ្ឋមមន្ត្រីក៏បានស្នើឱ្យគ្រប់មន្ទីរសុខាភិបាលរាជធានី-ខេត្ត បន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដូចមុន។
លោកបានបន្ថែមថាក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង បានធ្វើផែនការដើម្បីចុះអប់រំផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងណែនាំដល់ប្រជាពលរដ្ឋពីរបៀបលាងដៃនឹងអាល់កុល ឬសាប៊ូ ជាមួយនឹងការបង្រៀនពាក់ម៉ាស់ គ្រប់ស្រុកក្រុងក្នុងខេត្តស្វាយរៀង ជាក់ស្តែងកាលពីថ្ងៃទី២៥ កញ្ញា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តហ៊ុន ម៉ានី បានចុះអប់រំផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋចំនួន៣០គ្រួសារ នៅស្រុករមាសហែក ផងដែរ។
សូមបញ្ជាក់ថា ការបន្តចុះអប់រំផ្សព្វផ្សាយជូនប្រជាពលរដ្ឋអំពីវិធានការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ របស់ក្រុមគ្រូពេទ្យស័្មគ្រចិត្ត ហ៊ុន ម៉ានី មានកិច្ចសហការជាមួយនឹងក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងក្រុមយុវជន ស.ស.យ.ក សង្កាត់ស្វាយរៀង សរុបចំនួន ៣៥នាក់។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏បានណែនាំដល់ប្រជាពលរដ្ឋពីរបៀបលាងដៃនឹងអាល់កុល ឬសាប៊ូ ជាមួយនឹងការបង្រៀនពាក់ម៉ាស់ ដើម្បីធ្វើយ៉ាងណាការពារ និងទប់ស្កាត់មេរោគកូវីដ១៩ ចូលក្នុងខ្លួន រួមជាមួយនឹងវិធីទប់ស្កាត់មេរោគចូលក្នុងខ្លួនមួយចំនួនផ្សេងទៀតផងដែរ។
ក្នុងឱកាសនេះដែរ ក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តលោក ហ៊ុន ម៉ានី បានផ្តល់អំណោយរបស់លោក ហ៊ុន ម៉ានី ជូនប្រជាពលរដ្ឋចំនួន ៣០នាក់ និងយុវជន ស.ស.យ.ក ចំនួន៥នាក់ ក្នុងម្នាក់ៗ ទទួលបាន ម៉ាស់១០ សាប៊ូ Protex ១ និងជែលចំណុះ២៣០មីលីត្រចំនួន១ដប និងថវិកា ១៥០,០០០រៀល ជូនក្រុមប្រឹក្សាសង្កាត់ និងភូមិមេភ្លើង ផងដែរ៕