(ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា តាមគម្រោងការនៅថ្ងៃស្អែកទី០៥ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោងប្រមាណ៣រសៀល នៅទីស្តីការក្រសួងការបរទេស នឹងមានការរៀបចំពិធីផ្ទេរតំណែងរដ្ឋមន្រ្តីក្រសួងការបរទេស ដោយលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ដោយដាក់លោក ប្រាក់ សុខុន ចូលជំនួសវិញ។
ពិធីផ្ទេរតំណែងនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើសុំលាលែងចេញពីតំណែងទាំងអស់ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែសម្តេចថា សម្តេចបានសុំឱ្យ លោក ហោ ណាំហុង នៅជាឧបនាយករដ្ឋមន្រ្តីដដែល។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦នេះ រដ្ឋសភាបានបើកកិច្ចប្រជុំពេញអង្គ លើកទី៦ នីតិកាលទី៥ ដោយក្នុងនោះមានការបោះឆ្នោតគាំទ្រ លើសមាសភាពរុះរើគណៈរដ្ឋមន្រ្តី ដែលស្នើដោយរាជរដ្ឋាភិបាលកម្ពុជា ផងដែរ៕