(ព្រៃវែង)៖ សមត្ថកិច្ចនគរបាលខេត្តព្រៃវែង បានបំបែកសំណុំរឿងសម្លាប់ស្ត្រីម្នាក់នៅក្នុងគ្រឹះស្ថានវិវឌ្ឍន៍ហ្គោលឌិនហ្វាយនែន សាខាស្វាយអន្ទរ ខេត្តព្រៃវែង កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ សមត្ថកិច្ចបានចាប់ឃាត់ខ្លួន ជនសង្ស័យម្នាក់ជាប្រធានគ្រឹះស្ថានសាខាស្រុកស្វាយអន្ទរ ដើម្បីធ្វើការសាកសួរ មូលហេតុមានវិវាទក្នុងការងារនៅក្នុងក្រុមហ៊ុន។

ស្នងការរងនគរបាលខេត្តព្រៃវែង លោក ពៅ ជីវី បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះថា ដោយមានសេចក្តីរាយការណ៍ពីលោកអធិការនគរបាលស្រុកស្វាយអន្ទរថា មានករណីមនុស្សស្លាប់នៅចំណុចបន្ទប់ក្នុងគ្រឹះស្ថានវិវឌ្ឍន៍ហ្គោលឌិនហ្វាយនែន សាខាស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ សាកសពឈ្មោះ មុំ ចិន្តា ភេទស្រី អាយុ២៧ឆ្នាំ នៅភូមិ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ជាបុគ្គលិកសាខាវិវឌ្ឍន៍ហ្គោឌិន ហ្វាយនែន។

លោកស្នងការរងបានបន្តថា ក្រោយពីទទួលបានដំណឹងនេះ ដោយមានការសម្របសម្រួលពី លោក ចាន់ វណ្ណះ ព្រះរាជអាជ្ញារង និងដោយមានបទញ្ជាពីលោក ព្រំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង ឱ្យលោកចុះស្រាវជ្រាវ លោកបានដឹកនាំកម្លាំងជំនាញ មកសហការជាមួយសមត្ថកិច្ចស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្វើការពិនិត្យកន្លែងកេីតហេតុ និងសាកសពក្នុងនោះសង្កេតឃើញថាសាកសពដេកផ្ងាក្បាលទៅទិសខាងត្បូង សម្លៀកបំពាក់ជាប់នឹងខ្លួន កដៃទាំង២ មានស្នាមខ្សែរចង កដៃទ្រុឌ ៤កន្លែង កែងដៃទាំង២ មានស្នាមជាំខ្មៅ កែងជើងសង្ខាងដាច់រលាត់ស្បែក។

លោកបានបន្ថែមថា តាមកាបំភ្លឺពីម្តាយសាកសពឈ្មោះ សឿ សុវណ្ណរី អាយុ៥០ឆ្នាំ ថានៅវេលាម៉ោង១០៖០០នាទី មេរបស់កូនខ្លួន បានហៅឱ្យទៅប្រជុំ ក្រោយពីទៅបាត់ រហូតដល់ម៉ោងង២០៖០០នាទី ទើបដឹងព័ត៌មានពីក្រុមការងារធ្វើការជាមួយកូនទូរស័ព្ទប្រាប់គាត់ថា កូនខ្លួនស្លាប់នៅកន្លែងធ្វើការងារ។

លោក ពៅ ជីវី បានបន្ថែមថាយោងតាមសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ បានឱ្យដឹងថា តាមការពិនិត្យកន្លែងកើតហេតុ ការបំភ្លឺរបស់ម្តាយសាកសព និងពិនិត្យសាកសព គឺសាកសពស្លាប់ដោយសារការប្រើកម្លាំងខ្ទុប មុខឱ្យថប់ដង្ហើមដាច់ខ្យល់ស្លាប់ពិតជាករណីឃាតកម្ម។ ក្រោយពីបានបំពេញនីតិវិធីចប់គ្រប់សព្វគ្រប់សមត្ថកិច្ច បានប្រគល់សាកសពទៅឱ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

លោកបានបញ្ជាក់ថា នៅក្នុងករណីនេះ សមត្ថកិច្ចបានបើកការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យ៉ុម ចន្ថា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិល្ហើយ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ជាប្រធានសាខាគ្រឹះស្ថានវិវឌ្ឍន៍ហ្គោលដិន ស្រុកស្វាយអន្ទរ។

បើតាមសមត្ថកិច្ចបានបង្ហើបឱ្យដឹងថា ក្នុងករណីរហូតឈានទៅដល់ការសម្លាប់ស្ត្រីជាបុគ្គលិកគ្រឹះស្ថានខាងលើនេះ ដោយសារមានវិវាទក្នុងការងារនៅក្នុងក្រុមហ៊ុន ហើយប្រធានគ្រឹះស្ថានសាខានេះ បានយកលុយមួយចំនួនទៅលាក់ទុកនៅឯស្រុកកំណើត សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងយកជនសង្ស័យឱ្យធ្វើត្រាប់ផងដែរ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ តាមរយៈសមត្ថកិច្ចធ្វើការសាកសួរជនសង្ស័យក៏បានសារភាពថា ខ្លួនពិតជាបានម្លាប់ជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋានគរបាលស្រុកស្វាយអន្ទរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕