(ព្រៃវែង)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានបន្ដអញ្ជើញជាអធិបតីភាព បិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង នៅខេត្តព្រៃវែង។

ក្នុងពិធីនេះ ក៏មានការចូលរួមពី លោក ជា សុមេធី អភិបាលខេត្តព្រៃវែង ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។ ពិធីនេះ ត្រូវបានធ្វើឡើងនៅសាលាខេត្តព្រៃវែង។

លោក ជា សុមេធី បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ លទ្ធផលខេត្តព្រៃវែង សម្រេចបានលើការងារចាក់វ៉ាក់សាំងរួមមាន៖

*ទី១៖ ប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង ផែនការចាក់វ៉ាក់សាំងសរុបចំនួន ៧៦៧,១២២នាក់ ខណៈប្រជាពលរដ្ឋបានចាក់ដូសទី១ សរុបចំនួន៧៧០,៤៩១នាក់ ស្មើនឹង១០០.៤៤% (ក្នុងនោះ ចាក់ក្រៅខេត្តចំនួន ២១៧,០០៧នាក់ ស្មើនឹង២០,៤១%)

*ទី២៖ កុមារ និងយុវជន អាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំឡើងផែនការចាក់វ៉ាក់សាំងសរុបចំនួន ១៥៥,៩៧០នាក់ ក្នុងនោះប្រជាពលរដ្ឋបានចាក់ដូសទី១ សរុបចំនួន១០៩,៦៧៦នាក់ ស្មើនឹង ៧០.៣២%

*ទី៣៖ កុមារអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំឡើង ផែនការចាក់វ៉ាក់សាំងសរុបចំនួន ១៤០,១៤៨នាក់ ក្នុងប្រជាពលរដ្ឋបានចាក់ដូសទី១ សរុបចំនួន១១៩,៩៦៦នាក់ ស្មើនឹង៨៥.៦០%។

ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំរៀបចំផែនការ និងដាក់ចេញនូវអភិក្រមផ្ការីក ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ រហូតសម្រេចបានលទ្ធផល ជិត៩៩ភាគរយ នៃផែនការ១០លាននាក់ ចំពោះប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង។

បន្ថែមពីនេះ លោកស្រី ឱ វណ្ណឌីន បានណែនាំដល់រដ្ឋបាលខេត្ដព្រៃវែង ត្រូវបន្ដជំរុញ និងបង្កើននូវការផ្សព្វផ្សាយយុទ្ធនាការជាតិ ក្រោមប្រធានបទ រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ដល់ប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីបន្ដចូលរួមទប់ស្កាត់ និងការពារជំងឺកូវីដ១៩។ លោកស្រី ឱ វណ្ណឌីន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលរដ្ឋបាលខេត្តព្រៃវែងសម្រេច ក្នុងផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។

លោកស្រីប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំង ត្រូវរួសរាន់មកទទួលយកនូវការវ៉ាក់សាំង ដើម្បីមានអាវក្រោះមួយជាន់ទៀត ការពារជំងឺកូវីដ១៩។ ប៉ុន្ដែបើទោះបីចាក់វ៉ាក់សាំង បានគ្រប់ចំនួនក្ដី ក៏មិនត្រូវភ្លេចនូវវិធានការការពារខ្លួននោះទេ ពិសេសវិធានការ ៣ការពារ និង៣កុំ។

លោកស្រី ឱ វណ្ណឌីន ក៏បានអំពាវនាវបន្ថែមទៀត ដល់ប្រជាពលរដ្ឋមិនត្រូវមានការរើសអើងចំនួនប្រភេទវ៉ាក់សាំងនោះទេ ពោលវ៉ាក់សាំងទាំងអស់ដែលកម្ពុជាកំពុងមាន និងចាក់ជូនប្រជាពលរដ្ឋនេះ គឺសុទ្ធតែទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ហើយសុទ្ធតែមានប្រសិទ្ធភាពការពារជំងឺកូវីដ១៩៕