(ស្នួល-ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងគូសបញ្ជាក់ថា យើងទាំងអស់គ្នាពិតជាចងចាំមិនអាចបំភ្លេចបានសោះឡើយ នូវសច្ចៈភាពប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយគ្រាន់តែរំលឹកឡើងវិញរឿងរ៉ាវពីអតីតកាល ហើយចោទសួរខ្លួនឯងនូវសំណួរយ៉ាងសាមញ្ញគឺ ១. តើអាចមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ បានឬទេ ប្រសិនបើគ្មានការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩?, ២. តើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ អាចសំរេចបាន និងអនុវត្តបានឬទេ ប្រសិនបើគ្មានវត្តមានភាគីរដ្ឋកម្ពុជា របស់គណបក្សប្រជាជនកម្ពុជា?។

ការថ្លែងមតិខាងលើនេះរបស់លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ នៅក្នុងការជួបសំណេះសំណាលជាមួយកម្មករ បុគ្គលិកក្រុមហ៊ុនអាជីវកម្មដំណាំចេក ថាគ្រីកូ (THAGRICO) ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ដោយមានការចូលរួមផងដែរពីសំណាក់លោក លោកស្រីក្រុមការងារថ្នាក់ជាតិ លោកប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្ត និងមន្ត្រីមូលដ្ឋានមួយចំនួនទៀត សរុបចំនួនអ្នកចូលរួមមានប្រមាណ ២០០នាក់។

តាមរបាយការណ៍របស់លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានឱ្យដឹងថា ក្រុមហ៊ុនវិនិយោគថាគ្រីកូ កំពុងធ្វើអាជីវកម្មដាំចេកអំបូង នាំចេញទៅក្រៅប្រទេសលើផ្ទៃដីសរុប ២.៥០០ហិកតា ដោយមានកម្មករ បុគ្គលិកធ្វើការចំនួន ៤.៦០០នាក់ ស្រីជាង ២.៤០០នាក់។

ចុងបញ្ចប់នៃពិធីសំណេះសំណាលនេះ លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ ក៏បានថ្លែងមតិគូសបញ្ជាក់បន្ថែមទៀតថា យើងកត់ត្រាជានិច្ចនូវការជ្រោមជ្រែងគាំទ្ររបស់សហគមន៍អន្តរជាតិចំពោះបុព្វហេតុផ្សះផ្សាបង្រួបបង្រួមជាតិនៅកម្ពុជា តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ផ្សារភ្ជាប់ជាមួយការដឹងគុណរបស់ប្រជាជនកម្ពុជាយើងចំពោះតួនាទីស្នូលកំណត់មិនអាចខ្វះបានរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក្នុងបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព សុខុមាលភាព និងវិបុលភាពរបស់សង្គមជាតិកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ន។

សូមបញ្ជាក់ថា មុនកម្មវិធីជួបសំណេះសំណាលជាមួយកម្មករ បុគ្គលិកក្រុមហ៊ុនថាគ្រីកូ នាព្រឹកថ្ងៃដដែលនោះ លោក ព្រុំ សុខា និងសហការី រួមជាមួយមន្ត្រីខេត្ត ស្រុក ភូមិ ឃុំ បានឆ្លៀតចូលរួមជាមួយប្រជាពលរដ្ឋ និងពុទ្ធបរិស័ទក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៣ នៅវត្តដូនប៉ុកសីហមុនីរង្សីរតនារាម ស្ថិតក្នុងភូមិដូនប៉ុក ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ដោយបាននាំយកចង្ហាន់ ទេយ្យវត្ថុ បច្ច័យកសាងទៅប្រគេនព្រះសង្ឃ និងគណៈកម្មការវត្ត ព្រមទាំងបានចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រមួយចំនួនផង៕