(ភ្នំពេញ)៖ នាឱកាសទិវាទេសចរណ៍ពិភពលោកខួបលើកទី៤១ ឆ្នាំ២០២១ លោក អង់តូនីញ៉ូ ហ្គូទែររ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏ដូចជាលោក ហ្ស៊ូរ៉ាប ប៉ូឡូលីកាសវីលី (Zurab Pololikashvili) អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក សុទ្ធតែបានគូសបញ្ជាក់ពីការអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន ស្តារកំណើនទេសចរណ៍ និងបើកទទួលទេសចរណ៍ឡើងវិញ ក្នុងនោះប្រមុខអង្គការអន្តរជាតិទាំងពីរនេះ បានផ្ដល់អនុសាសន៍ថា ការអភិវឌ្ឍទេសចរណ៍ពិភពលោកបន្ទាប់វិបត្តិកូវីដ១៩តទៅ ត្រូវរុញឱ្យដល់មូលដ្ឋានជនពិការ ជនជាតិភាគតិច ក៏ដូចជាស្ត្រីជាដើម។

ការគូសបញ្ជាក់នេះ ត្រូវបានបង្ហាញឡើងក្នុងសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោក ដែលត្រូវបានចាក់ផ្សាយក្នុងឱកាស ដែលកម្ពុជាប្រារព្ធទិវាទេសចរណ៍ពិភពលោក នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ពីទីស្ដីក្រសួងទេសចរណ៍។

នៅចំពោះមុខនៃផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ប្រជាពលរដ្ឋរាប់រយលាននាក់ ដោយសារវិបត្តិកូវីដ-១៩ ប្រមុខស្ថាប័នអន្តរជាតិទាំងពីររូបនេះ បានគូសបញ្ជាក់ពីចក្ខុវិស័យក្នុងការអភិវឌ្ឍន៍ទេសចរណ៍ ប្រកបដោយបរិយាបន្ន និងចីរភាព ឆ្ពោះទៅរកភាពធន់ និងកំណើនប្រកបដោយបរិយាបន្ន។

ជាការកត់សម្គាល់ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ គឺមានតែទេសចរណ៍មួយប៉ុណ្ណោះ ដែលជាវិស័យដែលបានផ្តល់ផលប្រយោជន៍ ទៅដល់គ្រប់បណ្តាជនដែលងាយរងគ្រោះ និងដែលត្រូវបានមើលរំលង ដូចជា ជនមានពិការភាព ជនជាតិភាគតិច និងស្ត្រីជាដើម។ ប្រឈមមុខនឹងវិបត្តិកូវីដ-១៩នេះ បណ្តាជនទាំងនេះជាអ្នកកំពុងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងបំផុត។

ជាការដាស់តឿនរបស់អគ្គលេខាធិការអង្គការទាំងពីខាងលើ, ស្របតាមពេលវេលា និងភាពចាំបាច់ ពេលនេះជាពេលដែលត្រូវគិតសាជាថ្មី ផ្លាស់ប្តូរ និងចាប់ផ្តើមបើកវិស័យទេសចរណ៍ឡើងវិញប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមជួយដល់ការកសាងសេដ្ឋកិច្ច និងសង្គមប្រកបដោយភាពធន់ និរន្តរភាព សមភាពយេនឌ័រ និងបរិយាបន្នសម្រាប់មនុស្សគ្រប់គ្នាឆ្ពោះទៅរកទេសចរណ៍បៃតង និងរក្សាលំនឹងកាបូន (C)។

នាឱកាសនោះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានប្រកាសជ្រើសរើសបេក្ខជន-បេក្ខនារីដែលជាមន្រ្តីទេសចរណ៍ ផ្នែកឯកជន និងសិស្សនិស្សិត ទទួលយកអាហារូបករណ៍ចំនួន ៥០ កន្លែង ដែលផ្តល់ដោយអង្គការទេសចរណ៍ពិភពលោក (UNWTO) ដល់កម្ពុជាដែលជាកម្មវិធីជួយស្តារវិស័យទេសចរណ៍ប្រទេសសមាជិកឡើងវិញ។

ការសិក្សាអាហារូបករណ៍ចំនួន ៥០ កន្លែង ដែលផ្តល់ដោយអង្គការទេសចរណ៍ពិភពលោកនោះ គឺផ្តោតលើ៖
១៖ យុទ្ធសាស្រ្តធុរកិច្ច
២៖ គណនេយ្យ និងហិរញ្ញវត្ថុ
៣៖ មូលដ្ឋានគ្រឹះនៃទីផ្សារឌីជីថល
៤៖ មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងប្រតិបត្តិករ
៥៖ មូលដ្ឋានគ្រឹះនៃនវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល៕