(ភ្នំពេញ)៖ Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសឲ្យដឹងថា កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា (I am a Role Model)» បានបើកឲ្យមានការបោះឆ្នោតគាំទ្រលើស្នាដៃ ផលិតឯកសាររបស់បេក្ខជនហើយ ចាប់ពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦នេះ រហូតដល់ថ្ងៃទី០៥ ខែមេសា វេលាម៉ោង ៧៖០០យប់។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សាធារណជន ជាពិសេសយុវជនចូលរួមបោះឆ្នោតគាំទ្របេក្ខជន ដែលមានស្នាដៃគំរូពិតៗ តាមរយៈ Link: http://samdechhunsen.gov.kh/khmer_youth_ro…/view_content.php…/view_content.php
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា| Am a Role Model» ក្នុងបំណងជំរុញយុវជន យុវនារី ឲ្យក្លាយទៅជាពលរដ្ឋគំរូល្អក្នុងសង្គម ដោយផ្តល់នូវការគាំទ្រលើកទឹកចិត្តឲ្យពួកគេចូលរួម នៅក្នុង Facebook របស់សម្តេច ដើម្បីមានឱកាសចូលរួមកាន់តែច្រើនក្នុងកិច្ចការសង្គម។
ស្នាដៃរបស់បេក្ខជន បេក្ខនារី ដែលត្រូវបានយកមកដាក់ផ្សាយនៅលើគេហទំព័ររបស់សម្តេចតេជោ ឲ្យសាធារណជនបោះឆ្នោតគាំទ្រ មានចំនួន ៨០នាក់ ក្នុងនោះ ផ្នែកកំណាព្យ និងអត្ថបទមានចំនួន ២៤នាក់ ចម្រៀង ២នាក់ វីដេអូ ២៤នាក់ និងគំនូ ៨នាក់។ បេក្ខជន ទាំង ៨០នាក់នេះ នឹងត្រូវជ្រើសយកស្នាដៃចំនួន ១០ដែលទទួលការគាំទ្រច្រើនជាងគេ យកទៅប្រកួតចុងក្រោយស្វែងរកម្ចាស់ជ័យលាភីលេខ១។
ម្ចាស់ជ័យលាភីលេខ១ នឹងទទួលបានទូរស័ព្ទ iPhone 6 (16GB) ១គ្រឿង លិខិតសរសើរពីសម្តេចតេជោ ហ៊ុន សែន មួយសន្លឹក និងសម្លៀកបំពាក់កីឡា (Sport Uniform) មួយកំប្ល៉េ។ សម្រាប់បេក្ខជនជាប់ Top 10 នឹទទួលបានសម្លៀកបំពាក់កីឡា (Sport Uniform) មួយកំប្ល៉េ និងលិខិតសរសើរពីសម្តេចតេជោ ហ៊ុន សែនផងដែរ។ ការប្រគល់រង្វាន់ និង ប័ណ្ណសរសើរ នឹងធ្វើឡើងនៅវិមាន សន្តិភាព មុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
សូមបញ្ជាក់ផងដែរថា ប្រធានបទ ដែលបើកឲ្យដាក់ប្រកួតប្រជែងនេះ មានដូចជា៖
ក). សកម្មភាពអប់រំលើកស្ទួយការគោរពច្បាប់ចរាចរណ៍,
ខ). សកម្មភាព នៃអំពើល្អទាំងឡាយ ដែលជួយទៅលើកុមារកំព្រា ស្រ្តីមេម៉ាយ ជនចាស់ជរាគ្មានទីពឹង និងជនពិការជាដើម,
គ). សកម្មភាពជួយយកអាសារជនរងគ្រោះក្នុងពេលមានគ្រោះ ថ្នាក់ចរាចរណ៍ គ្រោះថ្នាក់អគ្គិភ័យ ឬគ្រោះទឹកជំនន់ជាដើម ។ល។,
ឃ). សកម្មភាពសំអាតអនាម័យ សំរាម នៅតាមទីធ្លាសាធារណៈ និងក្នុងទីក្រុង, ង). សកម្មភាពទប់ស្កាត់ និងលុបបំបាត់គ្រឿងញៀន៕