(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បាននាំយកអំណោយដ៏ថ្លៃថ្លា របស់លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី ចុះប្រគល់ជូនកងកម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ សម្រាប់សាងសង់អគារជាបន្ត ពិសេសប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

ក្នុងឱកាសចុះសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយនាឱកាសនោះក៏មានការចូលរួមពីសំណាក់ លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត ព្រមទាំងប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត។

លោក ជាម ច័ន្ទសោភ័ណ ក៏បានថ្លែងកោតសរសើរ និងអរគុណដល់ទឹកចិត្តរបស់កម្លាំងកងរាជអាវុធហត្ថទូទាំងខេត្ត ដែលមានឆន្ទៈក្នុងការចូលរួមទប់ស្កាត់ការពារតាម បទបញ្ជារបស់រាជរដ្ឋាភិបាលដែលមាន សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា តាមតួនាទី ភារកិច្ចទាំងយប់ទាំងថ្ងៃយ៉ាងខ្ជាប់ខ្ជួន ពិសេសត្រូវបន្តលើភារកិច្ច ការងារឲ្យកាន់ខ្លាំងក្លាបន្ថែមទៀត។

លោកអភិបាលខេត្ត ក៏បានថ្លែងអំពាវនាវឲ្យកងកម្លាំង ត្រូវតែបង្កើនការចូលរួមបង្ការទប់ស្កាត់ជំងឺ Covid-19 ឲ្យបានខ្លាំងក្លាបន្ថែមទៀត ជាពិសេសត្រូវចូលរួមអនុវត្ត តាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជាសាកលលោក ដោយត្រូវរក្សាគម្លាតសុវត្ថិភាព លាងសម្អាតដៃជាប្រចាំ ដើម្បីជៀសផុតពីការឆ្លងនៃជំងឺមួយនេះ។

នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានលើកឡើងបង្ហាញពីសកម្មភាពបំពេញការងារយ៉ាងសស្រាក់សស្រាំ របស់កម្លាំង កងរាជអាវុធហត្ថ ក្នុងការថែរក្សាសណ្តាប់ធ្នាប់សាធារណៈ បង្ក្រាបបទល្មើសនានា ធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋផងដែរ។

សូមបញ្ជាក់ថា ចំពោះអំណោយផ្តល់ជូននាឱកាសនោះរួមមាន៖ ស៊ីម៉ង់ត៍ ៥០តោន អង្ករ១តោន ទឹកសុទ្ធ១០០កេស មី៥០កេស ម៉ាស ២ ៥០០ម៉ាស អាល់កុល៩០លីត្រ បន្លែធម្មជាតិ និងថវិកាមួយចំនួនផងដែរ៕